កាលពីពេលថ្មីៗនេះ ឡាវ និងរុស្ស៊ីកំពុងលើកទំនាក់ទំនងមិត្តភាពរយ:ពេល ៦៥ឆ្នាំរបស់ពួកគេទៅកាន់កម្រិតថ្មីមួយបន្ថែមទៀត បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី លោក Thongloun Sisoulith ទៅកាន់ទីក្រុងម៉ូស្គូ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Laotian Times បានរាយការណ៍ថា ក្នុងអំឡុងដំណើរទស្សនកិច្ចនោះ ប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៧ ដែលគ្រប់ដណ្តប់លើថាមពលនុយក្លេអ៊ែរ សុខភាព ការអប់រំ បរិស្ថាន និងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់។
ប្រភពដដែលបានសង្កត់ធ្ងន់ទៀតថា ចំណុចស្នូលនៃដំណើរទស្សនកិច្ចនេះ គឺជាផែនការសម្រាប់កិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ ដោយសន្តិវិធីរវាងរុស្ស៊ី និងឡាវ។ ភាពជាដៃគូនេះ មានគោលបំណងប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរ ដើម្បីកែលម្អឱសថ កសិកម្ម ការស្រាវជ្រាវវិទ្យាសាស្ត្រ និងការផលិតថាមពល នៅក្នុងប្រទេសឡាវ។
ជម្រាបជូនផងដែរថា កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើង ចំពេលសហរដ្ឋអាមេរិក បានប្រកាសដាក់ពន្ធគយខ្ពស់រហូតដល់ទៅ ៤០% លើប្រទេសឡាវ ដែលត្រូវបានចូលជាធរមាន កាលពីថ្ងៃទី១ ខែសីហាកន្លងទៅ។ អត្រាពន្ធគយថ្មីរបស់ឡាវនេះ ហាក់មានកម្រិតខ្ពស់ជាងគេ បើធៀបទៅនឹងបណ្តាប្រទេសជាសមាជិកអាស៊ានផ្សេងទៀត៕

