អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីសុី គ្រុប និងលោក ទៀ ស្យាម កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ បានជួបប្រជុំជាមួយម្ចាស់ស្ថានីយប្រេងឥន្ធនៈ ភីធីធី (ខេមបូឌា) PTT CAMBODIA ជាច្រើនរូប ដើម្បីត្រៀមរំលាយកិច្ចសន្យា និងបង្កើតម៉ាកយីហោខ្មែរថ្មីមួយជំនួសវិញ។

លោក ទៀ ស្យាម ម្ចាស់អាជីវកម្មដែលទិញសិទ្ធិប្រេន PTT CAMBODIA មួយរូបនៅប្រទេសកម្ពុជា បានឱ្យដឹងតាមរយៈបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃអាទិត្យម្សិលមិញនេះថា “ស្លាកត្រូវតែទម្លាក់ ផ្លូវច្បាប់ត្រូវតែគិត”។ លោកបន្តថា ម្ចាស់អាជីវកម្មទិញសិទ្ធិប្រេនប្រេងឥន្ទនៈ ភីធីធី (ខេមបូឌា) ភាគច្រើន បានសម្រេចចិត្តប្រគល់សិទ្ធិជូនដល់លោក ជាតំណាងផ្លូវការ ដើម្បីរំលាយកិច្ចសន្យាតំណាងចែកចាយរវាងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ភីធីធី និងក្រុមហ៊ុន PTT Cambodia ព្រមទាំងរួបរួមកម្លាំងសម្រេចចិត្តបង្កើតប្រេនថ្មី ប្រេនខ្មែរ ជាស្នាដៃបង្កើតដោយកូនខ្មែរ ដែលមានកម្រិតស្តង់ដាខ្ពស់។
ក្នុងស្មារតីស្រលាញ់ជាតិខ្មែរ លោក ទៀ ស្យាម ក៏សូមអំពាវនាវដល់បងប្អូនចូលរួមគាំទ្រម៉ាកយីហោខ្មែរថ្មីដែលនឹងមកឆាប់ៗនេះ។
អ្នកឧកញ៉ា ទៀ វិចិត្រ ក៏បានបង្ហោះសារផងដែរថា៖ “បង ស្យាម និងខ្ញុំ យល់ពីចិត្តបងប្អូនទាំងអស់គ្នា យើងជិះទូកតែមួយ មានទស្សនៈដូចគ្នា អ្វីដែលកើតឡើងនៅថ្ងៃនេះ និងអ្វីដែលបងប្អូនកំពុងគិត ពួកយើងកំពុងគិតដូចគ្នាដែរ ដូច្នេះពេលជួបជុំគ្នា យើងនឹងសម្រេចចិត្តជាមួយគ្នាអនុវត្តតែម្តង សូមរក្សាភាពអត់ធ្មត់”។
សូមជម្រាបថា លោក ទៀ ស្យាម និងអ្នកឧកញ៉ា ទៀ វិចិត្រ ដែលជាបងប្អូនជីដូនមួយនឹងគ្នា និងជាអ្នកជំនួញបានទិញសិទ្ធិប្រេនប្រេងឥន្ទនៈ ភីធីធី ផងដែរនោះ បាននិងកំពុងដឹកនាំប្រមូលផ្តុំកម្លាំង ក្នុងការផ្លាស់ប្តូរស្ថានីយប្រេងឥន្ធនៈ PTT នៅកម្ពុជា ឱ្យទៅជាស្ថានីយប្រេងឥន្ធនៈយីហោរបស់ខ្មែរវិញ បន្ទាប់ពីមានបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។ សកម្មភាពរបស់អ្នកទាំងពីរ ទទួលបានការសាទរយ៉ាងច្រើនលើសលុប ពីសំណាក់អ្នកលេងបណ្តាញសង្គម ជាពិសេសអ្នកដែលជំរុញឱ្យប្រជាពលរដ្ឋកម្ពុជា ងាកមកគាំទ្រផលិតផលក្នុងស្រុក៕



