ឧកញ៉ា តាំង គួងហាវ ត្រូវបានសមាជិកនៃសមាគមផ្តល់ទំនុកចិត្តបោះឆ្នោតជាប់ជាប្រធានក្រុមប្រឹក្សាភិបាលសមាគមថ្មអារកម្ពុជាអាណ្ណត្តិទី១ ជាផ្លូវការ។


ការបោះឆ្នោតនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងរ៉ែ និងថាមពល ដោយមានការអញ្ជើញចូលរួមពី ឧកញ៉ាបណ្ឌិត អ៊ុន យុទ្ធី អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “ញ” តំណាងផ្នែកឯកជន នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាពរបស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។
បន្ថែមពីនេះ សន្និបាតបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលសមាគមថ្មអារកម្ពុជាអាណ្ណត្តិទី១នេះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់មន្ត្រីពាក់ព័ន្ធនៃក្រសួងរ៉ែ និងថាមពល តំណាងក្រសួង ស្ថាប័ន តំណាងក្រុមហ៊ុនឯកជនពាក់ព័ន្ធក្នុងវិស័យថ្មអារ និងអ្នកពាក់ព័ន្ធជាច្រើនផងដែរ។
បើយោងតាមការបញ្ជាក់ឱ្យដឹងពីសភាពាណិជ្ជកម្មកម្ពុជា ជាលទ្ធផលនៃការបោះឆ្នោត ឧកញ៉ា តាំង គួងហាវ ត្រូវបានសមាជិកនៃសមាគមផ្តល់ទំនក់ចិត្តបោះឆ្នោតជាប់ជាប្រធានក្រុមប្រឹក្សាភិបាលសមាគមថ្មអារកម្ពុជាអាណ្ណត្តិទី១ ជាផ្លូវការ អមដោយអនុប្រធាន ២រូប និងសមាជិកក្រុមប្រឹក្សាភិបាល ៣រូបផ្សេងទៀតផងដែរ។
សូមគូសបញ្ជាក់ផងដែរថា សមាគមថ្មអារកម្ពុជា ត្រូវបានផ្លាស់ប្តូរឈ្មោះថ្មីដែលដំបូងសមាគមនេះមានឈ្មោះថា សមាគមថ្មក្រានីតកម្ពុជា៕




