លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្តរម្លឹកដល់ប្រជាពលរដ្ឋកម្ពុជាទាំងក្នុង និងក្រៅប្រទេស ត្រូវប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ ឬព័ត៌មានដែលធ្វើឱ្យមានស្ថានការណ៍ច្របូកច្របល់ នៅជុំវិញស្ថានភាពព្រំដែន និងស្ថានភាពរបស់វីរកងទ័ពកម្ពុជា កំពុងតែស្ថិតនៅក្នុងដៃរបស់ភាគីថៃ។

លោក ប៉ែន បូណា រម្លឹកបែបនេះ ធ្វើឡើងនៅក្នុងឱកាសធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃចន្ទ ទី៤ ខែសីហា ឆ្នាំ២០២៥ នេះ។
នាឱកាសនោះ លោក ប៉ែន បូណា បានលើកឡើងថា «ពាក់ព័ន្ធនឹងការទទួលព័ត៌មាន នៅក្នុងស្ថានភាពបែបនេះ អ្វីដែលបងប្អូនយើងត្រូវប្រុងប្រយ័ត្ន គឺព័ត៌មានក្លែងក្លាយ និងព័ត៌មានដែលមានដែលមានប្រភពមិនច្បាស់លាស់ ដែលមកបំពុលសតិអារម្មណ៍ ឬមួយក៏ធ្វើឱ្យស្ថានការណ៍ច្របូកច្របល់»។
ដើម្បីឱ្យប្រជាពលរដ្ឋទាំងស្រុក និងក្រៅប្រទេសទទួលបានព័ត៌មានពិត និងផ្លូវការ អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានស្នើសុំឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវតាមដានប្រភពព័ត៌មាន ដែលផ្សព្វផ្សាយចេញពីគេហទំព័រផ្លូវការសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធភា, ក្រសួងការពារជាតិ, ក្រសួងការបរទេស ក្រសួងព័ត៌មាន អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងក្រសួងព័ត៌មានកម្ពុជា ព្រមទាំងគេហទំព័ររបស់គណៈកម្មការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ទាំងនេះគឺជាប្រភពផ្លូវការផ្តល់ព័ត៌មានពិត ជូនដល់សាធារណជនទាំងអស់។
ទន្ទឹមនឹងនោះ លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការចាត់ចែងការងារគ្រប់បែបយ៉ាង ដើម្បីថែរក្សាសន្តិភាព និងការពារបូរណភាពទឹកដី ដោយសន្តិវិធី និងស្មារតីពហុភាគីនិយម។
បន្ថែមថាពីនេះ ក្នុងនាមអ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនជនរួមជាតិ ទាំងក្នុង និងក្រៅប្រទេសដែលបានចេញមុខឈឺឆ្អាលរឿងប្រទេសជាតិ ហើយរួមគ្នាជាធ្លុងមួយសម្តែងឆន្ទៈ ដើម្បីការពារអធិបតេយ្យជាតិ បូរណភាពទឹកដី និងការពារសេចក្តីថ្លៃថ្នូររបស់ខ្មែរ ដែលនេះគឺជាកម្លាំងចលករដ៏ខ្លាំងក្លាដែលគ្មានអ្នកណាមកបំបែក និងមកជាន់ពន្លិចបានឡើយ៕

