រដ្ឋមន្រ្តីការងារ៖ ការធ្វើការងារនៅក្នុងប្រទេសកម្ពុជាមានអត្ថប្រយោជន៍ច្រើនជាងធ្វើការងារនៅប្រទេសថៃ

សង្គម​ និង​សេដ្ឋកិច្ច

លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានពន្យល់ប្រាប់បងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃថា ការធ្វើការងារនៅក្នុងប្រទេសកម្ពុជាមានអត្ថប្រយោជន៍ច្រើនជាងធ្វើការងារនៅប្រទេសថៃ និងជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាលផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការពន្យល់នេះ ធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្រ្តី ហេង សួរ ក្នុងកម្មវិធី «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៅឃុំកំពង់ចិនត្បូង និងឃុំរុងរឿង ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥។

នា​ឱកាសនោះ លោក ហេង សួរ បានលើកឡើងថា កម្មករនិយោជិតដែលធ្វើការងារនៅក្នុងប្រទេសកម្ពុជា ទទួលបានប្រាក់ខែគោលសមរម្យ និងទទួលបានមានអត្ថប្រយោជន៍ពីបេឡាជាតិសន្ដិសុខសង្គម (ប.ស.ស.) ពោលគឺ ពេលឈឺទៅពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យដោយមិនអស់ប្រាក់ និងមានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។ មិនតែប៉ុណ្ណោះ ពេលចូលនិវត្តន៍ពីការងារ បងប្អូនមានប្រាក់សោធនទៀតផង។ ប៉ុន្ដែចំពោះបងប្អូនទៅធ្វើការនៅប្រទេសថៃ នៅពេលចាស់បន្តិចនឹងត្រូវរុញត្រឡប់ឱ្យមកកម្ពុជាវិញ ហើយពេលចាស់ទៅ នឹងមិនបានទទួលអត្ថប្រយោជន៍ដូចនៅកម្ពុជានោះទេ។

លោកបានគូសបញ្ជាក់បន្ថែមថា ចំណូលដែលទទួលបានបើប្រៀបធៀបនឹងការទៅធ្វើការនៅប្រទេសថៃគឺប្រហាក់ប្រហែលគ្នា ប៉ុន្តែការធ្វើការងារនៅប្រទេសថៃគ្មានសុវត្ថិភាព ហើយនៅឆ្ងាយពីស្រុកកំណើត ឆ្ងាយពីឪពុកម្ដាយទៀតផង។

គួរបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះទៅផ្សព្វផ្សាយពីឱកាសការងារ នៅឃុំកំពង់ចិនត្បូង និងឃុំរុងរឿង ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីនាំយកការងារជូនប្រជាពលរដ្ឋ ជាពិសេស បងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃឱ្យទទួលបានការងារភ្លាមៗពីក្រុមហ៊ុនធំៗចំនួន ១០ ដែលមានតម្រូវការកម្លាំងពលកម្មប្រមាណ ៧ពាន់កន្លែង។

ជម្រាបបន្ថែមផងដែរថា បន្ទាប់ពីការអំពាវនាវឱ្យវិលត្រឡប់របស់ពលករ ប្រជាពលរដ្ឋខ្មែរពីថៃមកកម្ពុជាវិញ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា ក្រសួងនិងស្ថាប័នពាក់ព័ន្ធបាននិងកំពុងបង្កើន និងផ្តល់ឱកាសការងារក្នុងប្រទេសជាច្រើន ជូនបងប្អូនពលករខ្មែរ ទាំងអស់ក្រោយពេលវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ និងធានានូវការទទួលបានការងារសមរម្យ របបសន្តិសុខសង្គម និងអត្ថប្រយោជន៍ផ្សេងៗ ទាំងនៅពេលកំពុងធ្វើការ ទាំងពេលចូលនិវត្តន៍៕