អគ្គនាយកស៊ីម៉ាក់ បញ្ជាក់ថា គ្រាប់បែកMK-84ដែលថៃទម្លាក់លើដីកម្ពុជា មានលេខLot No. IMI 96G015-11 និងផលិតក្នុងឆ្នាំ១៩៩៦

សង្គម​ និង​សេដ្ឋកិច្ច

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់កម្ពុជា បានគូសបញ្ជាក់ថា គ្រាប់បែកMK-84ដែលថៃទម្លាក់លើដីកម្ពុជា មានលេខLot No. IMI 96G015-11 និងផលិតក្នុងឆ្នាំ១៩៩៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបញ្ជាក់បែបនេះរបស់លោក ហេង រតនា ធ្វើឡើងនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ។

លោក ហេង រតនា បានលើកឡើងថា នៅថ្ងៃចន្ទ​ ទី០៤​ ខែសីហា​ ឆ្នាំ២០២៥​ នៅទីតាំងគ្រាប់បែកMK-84​ស្ថិតនៅភូមិថ្មដូន​ ឃុំគោកមក​ ស្រុកបន្ទាយអំពិល​ ខេត្តឧត្តរមានជ័យ ក្រុមជំនាញគ្រាប់បែកទម្លាក់របស់អង្គភាពសុីម៉ាក់​ អង្គការGolden West និងអង្គការNPA (Norwegian People Aid) បានចុះត្រួតពិនិត្យបច្ចេកទេសគ្រាបបែកនេះជាលំអិត​ ដោយបានបញ្ជាក់ថា​ គ្រាប់បែកMK-84នេះ​ មានលេខLot No. IMI 96G015-11 និងផលិតក្នុងឆ្នាំ១៩៩៦! ។

អគ្គនាយកស៊ីម៉ាក់ បានបន្ដថា លោកLen Austin ប្រធានអង្គការGolden West ប្រចាំកម្ពុជានិងជាអតីតៈកងទ័ពម៉ារីនសហរដ្ឋអាមេរិក​ខាងជំនាញគ្រាប់យុទ្ធភណ្ឌ​ ជាជំនាញខាងគ្រាប់បែកទម្លាក់ពីយន្តហោះ​នៃប្រទេសក្នុងតំបន់នេះ​ បានចូលរួមកំណត់លក្ខណៈបច្ចេកទេសគ្រាប់បែកMK-84នេះ​ ក៏បានបញ្ជាក់អំពីអត្តសញ្ញាណគ្រាប់បែកMK-84នេះផលិតនៅឆ្នាំ១៩៩៦និងអាចសៀមទិញពីក្រុមហ៊ុនIMI​ (Israel Military Industries)របស់អុីស្រាអ៊ែលបានទទួលសិទ្ធផលិតនិងលក់គ្រាប់បែកត្រកូលMKនេះ។

លោកហេង រតនា សង្កត់ធ្ងន់ថា គ្រាប់បែកMK-84 នេះផលិតក្នុងឆ្នាំ១៩៩៦​ ដូចនេះវាមិនអាចជាគ្រាប់បែកសំណល់ពីការទម្លាក់គ្រាប់បែកក្នុងសម័យសង្គ្រាមឆ្នាំ១៩៧០-១៩៧៣កេីតទេ​!

ទន្ទឹមនឹងនោះ លោកមានជំនឿយ៉ាងមុតមាំថា​ ពិភពលោកយល់ច្បាស់ណាស់អំពីរឿងនេះ៕