កាលពីថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ២០២៥ អ្នកឧកញ៉ា គួន ធីតា សមាជិកក្រុមប្រឹក្សាភិបាល និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាចូលរួមគោរពវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ត្រី អ៊ួន ហាច មេបញ្ជាការរងគ៣ វរសេនាតូចលេខ២ កងពលតូចអន្តរាគមន៍លេខ១ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធដើម្បីការពារបូរណភាពទឹកដីកម្ពុជាពីទ័ពឈ្លានពានសៀម។

ក្នុងវេលាដ៏ក្រៀមក្រំនេះដែរ អ្នកឧកញ៉ា បានពាំនាំនូវសារចូលរួមរំលែកទុក្ខពីលោកអ្នកឧកញ៉ាប្រធាន ក៏ដូចជាលិខិតរំលែកមរណទុក្ខ និងថវិកាមួយចំនួនពីសមាគមឧកញ៉ាកម្ពុជា ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតជូនក្រុមគ្រួសារ ជូនក្រុមគ្រួសារ នៃសពនៅគេហដ្ឋានផ្ទាល់ដែលស្ថិតនៅក្នុងភូមិស្វាយដូនកែវ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
មរណភាពរបស់ លោកវរសេនីយ៍ត្រី អ៊ួន ហាច គឺជាការបាត់បង់ស្វាមីដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តមចំពោះភរិយា ជាឪពុកប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនហើយក៏ជាការបាត់បង់នូវយោធិនដ៏អង់អាចក្លាហានដោយបានធ្វើពលិកម្មនូវសាច់ស្រស់ឈាមស្រស់ប្រកបដោយភាពមោះមុតនៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី។
វីរភាពរបស់លោកនឹងស្ថិតក្នុងការចងចាំក្នុងដួងចិត្តប្រជាជនខ្មែរគ្រប់រូបគ្មានថ្ងៃបំភ្លេចបានហើយកេរ្តិ៍ឈ្មោះរបស់លោកនឹងត្រូវបានចារទុកនៅក្នុងប្រវត្តិសាស្ត្រជាតិ។
សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ត្រី អ៊ួន ហាច បានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។







