ក្រសួងពាណិជ្ជកម្ម និងភាគីពាក់ព័ន្ធ បានរួមគ្នាគោលនយោបាយពាណិជ្ជកម្មថ្មី ដើម្បីត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ជាប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា។

នេះបើយោងតាមសិក្ខាសាលាពិនិត្យលើការសិក្សាស្រាវជ្រាវរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអង្គការ UNCTAD ស្តីពី “ការត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ជាប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជាក្រោមចំណងជើងថា ”ការរៀបចំគោលនយោបាយពាណិជ្ជកម្មថ្មីសម្រាប់កម្ពុជាក្នុងអំឡុងពេល និងក្រោយការចាកចេញពីចំណាត់ថ្នាក់ជាប្រទេសអភិវឌ្ឍន៍តិចតួច៖ បញ្ហាប្រឈម និងកាលានុវត្តភាព”កាលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ រៀបចំឡើងដោយ ក្រសួងពាណិជ្ជកម្ម និងធនាគារអភិវឌ្ឍន៍អាស៊ី និងអង្គការ UNCTAD និងមានការចូលរួមពី ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនជាច្រើនរូបផងដែរ។

នាឱកាសនោះ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ការសិក្សាស្រាវជ្រាវនេះ នឹងរួមចំណែកផ្តល់ជាធាតុចូលក្នុងការរៀបចំក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០ និងជួយដល់ការរៀបចំរបៀបវារៈអភិវឌ្ឍន៍ពាណិជ្ជកម្មរបស់កម្ពុជាដើម្បីចាកចេញពីចំណាត់ថ្នាក់ជាប្រទេសអភិវឌ្ឍន៍តិចតួចដោយរលូន។
ក្នុងបរិបបទនេះ លោកស្រី បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បាននិងកំពុងរៀបចំគោលនយោបាយពាណិជ្ជកម្មឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការបាត់បង់បណ្តើរៗនូវការអនុគ្រោះផ្នែកពាណិជ្ជកម្ម ភាពបត់បែនផ្នែកច្បាប់ និងកម្មវិធីហិរញ្ញប្បទាន ដែលជាកត្តារួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។
គូសបញ្ជាក់ដែរថា ការត្រៀមខ្លួនសម្រាប់ការចាកចេញពីចំណាត់ថ្នាក់ជាប្រទេសអភិវឌ្ឍន៍តិចតួច តម្រូវឱ្យមានការកែទម្រង់ច្បាប់និងស្ថាប័ន ការជំរុញសមត្ថភាពផលិតនិងការសម្របសម្រួលពិពិធកម្មការនាំចេញ និងការបន្តធ្វើសមារណកម្មពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចនិងពាណិជ្ជកម្មតំបន់ និងពិភពលោកផងដែរ។នេះជាការគូសបញ្ជាក់បន្ថែមរបស់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ អត្ថបទ៖ ហ្សាលីន


