គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម ក្នុងតម្លៃ២០០លាន ត្រូវបានរដ្ឋាភិបាលសម្រេចឱ្យបន្ត

សង្គម​និង​សេដ្ឋកិច្ច

គម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម (BRGS) ក្នុងទំហំទឹកប្រាក់សរុប ២០០លានដុល្លារ ដើម្បី​ជួយស្តារអាជីវកម្ម ខណៈគម្រោងនេះ បានផ្តើមចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ តទៅ រហូត​ដល់​គម្រោង​នេះ ត្រូវបានប្រើប្រាស់អស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីប្រកាសព័ត៌មានរបស់សាជីវកម្ម​ធានាឥណទាន​កម្ពុជា (CGCC) នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឯកភាពឲ្យសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បន្ត​ដាក់​ឱ្យ​ដំណើរ​ការ​ ​«គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម (Business Recovery Guarantee Scheme, BRGS)» ដើម្បីជួយស្តារអាជីវកម្ម តាមរយៈការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន ទោះ​បីខ្វះ​ទ្រព្យ​ធានាក្តី។

សេចក្តីប្រកាសព័ត៌មានដដែល បន្តថា ដើម្បីបន្តដាក់ឱ្យដំណើរការគម្រោង BRGS នេះ ដោយកែសម្រួលលក្ខខណ្ឌមួយចំនួន ឱ្យមានភាពប្រសើរឡើង ដូចជា សុពលភាពនៃគម្រោង, ការ​កំណត់និយមន័យនៃអាជីវកម្មខ្នាតមីក្រូ សហគ្រាសខ្នាតតូច និងមធ្យម និងសហគ្រាសខ្នាតធំ, និង​ការ​កំណត់ទំហំជាអតិបរមាសម្រាប់កម្ចីនីមួយៗ។

គួរបញ្ជាក់ដែរថា គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម មានទំហំទឹកប្រាក់ ២០០លានដុល្លារ ត្រូវ​បាន​ដាក់ឱ្យដំណើរការជាលើកដំបូង ចាប់ពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ​២០២២។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ កម្ចីទំហំប្រមាណ ៨៩លានដុល្លារ ដែល​ភាគ​ច្រើន​ជាកម្ចីដែលខ្វះទ្រព្យធានា ត្រូវបានធានាដោយ CGCC ក្រោម​គម្រោង​ធានា​ឥណទាន​ដើម្បីស្តារ​អាជីវកម្ម។

យ៉ាងណាមិញ ការធានាឥណទានរបស់សាជីវកម្មធានាឥណទានកម្ពុជា ក្រោមគម្រោង BRGS នឹង​បន្ត​ដើរតួជាទ្រព្យធានាចាប់ពី ៧០%ដល់ ៨០% នៃទំហំឥណទានដែលផ្តល់ដោយ PFIs ដូច្នេះ​នឹង​ជួយ​កាត់​បន្ថយតម្រូវការទ្រព្យធានាពីអាជីវកម្មដែលស្នើកម្ចី។ សាជីវកម្មធានាឥណទានកម្ពុជា ស្វាគមន៍​នូវកិច្ច​សហការ​ជិតស្និតជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអនុវត្តគម្រោង BRGS៕