ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថ្មីៗនេះ បានបង្ហើបឲ្យដឹងថា អនុប្រធានាធិបតី លោក JD Vance មានភាគរយច្រើនក្នុងការស្នងតំណែងពីរូបលោក ក្នុងនាមជាបេក្ខភាពប្រធានាធិបតីរបស់បក្សសាធារណរដ្ឋ នៅឆ្នាំ២០២៨ ខាងមុខ។ នេះបើមតាការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅពេលត្រូវបានអ្នកសារព័ត៌មានសួរនាំថាតើលោក Vance អាចនឹងក្លាយជាអ្នកស្នងតំណែងជាប្រធានាធិបតីអាមេរិក នាពេលអនាគតដែរឬទេ ខណ:លោក ត្រាំ បានឆ្លើយតបវិញថា ៖” ពិតមែនហើយ ខ្ញុំគិតថាគាត់នឹងក្លាយជាបេក្ខភាព។ បើនិយាយឲ្យយុត្តិធម៌ទៅ លោក Vance គឺជាអនុប្រធានាធិបតីរបស់ខ្ញុំ”។
មិនតែប៉ុណ្ណោះ លោក ត្រាំ ក៏បានស្នើឲ្យលោក Vance និងរដ្ឋមន្ត្រីការបរទេសលោក Marco Rubio ចូលរួមជាកម្លាំង សម្រាប់ការឈរឈ្មោះជាមេដឹកនាំរបស់បក្សសាធារណរដ្ឋ នៅក្នុងការបោះឆ្នោតនាពេលអនាគត ផងដែរ។
គួរឲ្យដឹងផងដែរថា លោក ត្រាំ ធ្លាប់បាននិយាយបដិសេធកាលពីមុន ក្នុងការផ្តល់យោបល់ចំពោះអ្នកណាដែលអាចស្នងតំណែងរបស់លោកបាន សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៨។ អំឡូងពេលនោះ លោកបានបន្ថែមថា លោក Vance មានសមត្ថភាពខ្លាំង ប៉ុន្តែវាហាក់ដូចជាលឿនពេក ក្នុងការដាក់ឈ្មោះលោកជាអ្នកបន្តវេន។
ជម្រាបជូនថា លោក Vance ដែលធ្លាប់ជាទាហានម៉ារីន បានចូលរួមបម្រើការនៅក្នុងតួនាទីជាច្រើន សម្រាប់រដ្ឋបាលរបស់លោក ត្រាំ ដោយលោកក៏ធ្លាប់បានធ្វើជាអ្នកការទូតដ៏សំខាន់ និងជាអ្នកតំណាងកំពូលមួយរូប ក្នុងការលើកកម្ពស់គោលនយោបាយក្នុងស្រុក របស់លោក ត្រាំ ទាំងនៅអាមេរិក និងនៅបរទេស ផងដែរ៕

