ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងដាក់ពន្ធ ១០០% លើការនាំចូលបន្ទះឈីប Semiconductor មួយចំនួន លុះត្រាតែពួកវាត្រូវបានផលិតនៅក្នុងទឹកដីសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ថ្លែងប្រាប់ទៅកាន់អ្នកយកព័ត៌មាននៅការិយាល័យ Oval កាលថ្ងៃទី៦ ខែសីហា លោក ត្រាំ បាននិយាយថា ៖” ពន្ធ ១០០% នឹងអនុវត្ថចំពោះបន្ទះឈីប និងផលិតផល Semiconductor ទាំងអស់ដែលនាំចូលមកកាន់សហរដ្ឋអាមេរិក”។
មិនតែប៉ុណ្ណោះ ប្រធានាធិបតីអាមេរិករូបនេះ ក៏បានគូសបញ្ជាក់ផងដែរថា សម្រាប់ក្រុមហ៊ុនណាដែលសន្យាថានឹងសាងសង់រោងចក្រ ឬកំពុងវិនិយោគលើបន្ទះឈីបនៅអាមេរិក នឹងត្រូវបានលើកលែង។
គួរឲ្យដឹងផងដែរថា មុនការប្រកាសនេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន ដូចជា Apple , Intel , TSMC កំពុងសាងសង់រោងចក្រ ឬបានប្រកាសពីការវិនិយោគដ៏ធំ នៅក្នុងការផលិតបន្ទះឈីបនៅអាមេរិក រួចរាល់ហើយ។
ថ្មីៗនេះ ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោក TSMC នឹងផលិតបន្ទះឈីប 2nm នៅរោងចក្រមួយរបស់ខ្លួនក្នុងរដ្ឋ Arizona ក្នុងឆ្នាំ២០២៨-២០៣០។ កន្លងមកក្រុមហ៊ុនតៃវ៉ាន់បានវិនិយោគប្រហែល ១០០ ពាន់លានដុល្លារដើម្បីសាងសង់រោងចក្រនៅទីនោះ។
ជម្រាបជូនផងដែរថា ជុំវិញការប្រកាសពន្ធគយថ្មីរបស់លោក ត្រាំ នេះ ត្រូវបានធ្វើឡើងចំពេលសហរដ្ឋអាមេរិក កំពុងព្យាយាមពង្រីកការផលិតបន្ទះឈីបក្នុងស្រុកឡើងវិញ ដោយយោងតាមស្ថិតិកាលពីឆ្នាំមុន សហរដ្ឋអាមេរិកផលិតបានត្រឹមតែប្រហែល ១២% ប៉ុណ្ណោះនៃបន្ទះឈីប Semiconductor នៅទូទាំងពិភពលោក ពោលគឺធ្លាក់ចុះពី ៤០% ក្នុងឆ្នាំ១៩៩០៕

