អ្នកឧកញ៉ា សួរ វីរៈ ៖ ការវិលត្រឡប់របស់ប្រជាពលរដ្ឋពីថៃ នឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជា សម្រាប់រយ:ពេលវែង

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស និងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា យល់ឃើញថា ការវិលត្រឡប់របស់ប្រជាពលរដ្ឋពីថៃ មានសញ្ញាវិជ្ជមានមួយ ពោលគឺនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជា សម្រាប់រយ:ពេលវែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គិតចាប់តាំងពីមានបញ្ហាជម្លោះព្រំដែនរវាងកងទ័ពថៃ និងកងទ័ពកម្ពុជា ចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ប្រជាពលករខ្មែរដែលបម្រើការងារនៅប្រទេសថៃ បានសម្រុកចាកចេញត្រឡប់មកកម្ពុជាវិញ តាមច្រកព្រំដែននានា រាប់សិបម៉ឺននាក់។ ជាក់ស្តែង កាលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ម្សិលមិញនេះ មានប្រជាពលរដ្ឋខ្មែរជិត ៥ម៉ឺននាក់ទៀត បានបន្ដចាកចេញពីប្រទេសថៃ ដើម្បីវិលត្រឡប់មកកាន់ស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្ដរជាតិដូង ស្ថិតក្នុងស្រុកកំរៀង។ នេះបើតាមការបញ្ជាក់ពី ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង។

បន្ទាប់ពីការវិលត្រឡប់របស់ប្រជាពលករខ្មែរដ៏ច្រើននេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរដែនដី ក៏បានសហការគ្នា រៀបចំកម្មវិធី «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដើម្បីនាំយកឱកាសការងាររាប់ម៉ឺនកន្លែង ជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ។ ជាមួយគ្នានោះ ក្រុមការងាររបស់ក្រសួង ក៏បានផ្សព្វផ្សាយអំពីឱកាសការងារ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ បន្ថែមទៀតផងដែរ។

ពាក់ព័ន្ធនឹងកត្តាពលករខ្មែរវិលត្រឡប់មកកាន់ប្រទេសវិញដ៏ច្រើននេះ អ្នកឧកញ៉ា សួរ វីរៈ បានលើកឡើងលើទំព័រហ្វេសប៊ុក នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បែបនេះថា៖ “ការវិលត្រឡប់របស់ប្រជាពលរដ្ឋពីសៀមវិញនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់រយ:ពេលវែង”។

សូមជម្រាបថា ក្នុងស្ថានភាពប្រទេសកម្ពុជា មានបញ្ហាសង្គ្រាមជាមួយប្រទេសថៃ ក្រុមហ៊ុន វិរៈ ប៊ុនថាំ របស់អ្នកឧកញ៉ា សួរ វីរៈ បានបញ្ជូនរថយន្តរាប់សិបគ្រឿង ទាំងរថយន្តធន់ធ្ងន់ និងរថយន្តដឹកអ្នកដំណើរ ដើម្បីដឹកជញ្ជូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ នាំជូនអំណោយទៅកាន់វីរកងទ័ពជួរមុខ និងដឹកជញ្ជូនបងប្អូនជនភៀសសឹកខ្មែររាប់ពាន់នាក់ផងដែរ៕