មន្រ្តី CDC រំពឹងខ្ពស់ថា ឧស្សាហកម្មថ្មីៗជាច្រើន នឹងបន្តហូរចូលមកកម្ពុជាបន្ថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

មន្រ្តីជាន់ខ្ពស់ នៃគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានសុទិដ្ឋិនិយមខ្ពស់ថា ឧស្សាហកម្មថ្មីជាច្រើនទៀត នឹងបន្តហូរចូលមកកម្ពុជាបន្ថែមទៀត។ នេះបើយោងតាមកិច្ចពិភាក្សាស្តីពី “ឱកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា” កាលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងអំពីស្ថានភាពវិនិយោគទូទៅនៅកម្ពុជា, របបលើកទឹកចិត្តប្រកបដោយភាពទាក់ទាញក្រោមច្បាប់ស្តីពីវិនិយោគដែលបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន និងសក្តានុពលវិនិយោគក្នុងវិស័យអាទិភាពមួយចំនួន។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកបានកត់សម្គាល់ឃើញថា កម្ពុជាបានធ្វើពិពិធកម្មឧស្សាហកម្មទៅកាន់វិស័យផ្សេងៗក្រៅពីវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប ដូចជា ការផ្គុំដំឡើងយានយន្ដនិងគ្រឿងបង្គុំយានយន្ត, ការផលិតសំបកកង់រថយន្ត, កង់, សម្ភារៈបរិក្ខារអេឡិចត្រូនិក, សម្ភារៈបរិក្ខារអគ្គិសនីនិងអំពូលលម្អ, សម្ភារៈតុបតែងលម្អដើមគ្រីសស្មាស់, គ្រឿងសង្ហារិម, និងក្តារបន្ទះ។ល។ ដែលវិស័យទាំងអស់នេះប្រើប្រាស់បច្ចេកវិទ្យាមធ្យម និងតម្លៃបន្ថែមសមរម្យ។

ក្នុងន័យនេះ លោកមានសុទិដ្ឋិនិយមខ្ពស់ថា ឧស្សាហកម្មថ្មីទាំងអស់នេះនឹងបន្តហូរចូលមកកម្ពុជាបន្ថែមទៀត អាស្រ័យដោយរាជរដ្ឋាភិបាល បាននិងកំពុងខិតខំប្រឹងប្រែងក្នុងការបន្តដាក់ចេញនូវគោលនយោបាយ និងវិធានការគាំទ្រដល់វិស័យឯកជន សំដៅលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែងក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិនានា និងមានភាពមិនប្រាកដប្រជាខ្ពស់។

ជាថ្មីម្តងទៀត​ លោក ក៏បានគូសរំលេចពីចំណុចគន្លឹះមួយចំនួនដែលធ្វើឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគដ៏លេចធ្លោមួយនៅអាស៊ីអាគ្នេយ៍ ដូចជា កត្តាសុខសន្តិភាព, ស្ថិរភាពនយោបាយនិងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេងនិងមានជំនាញ, ការតភ្ជាប់ជាមួយនឹងទីផ្សារអន្តរជាតិតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាមួយបណ្ដាប្រទេសមួយចំនួន និងក្នុងតំបន់។ល។

សូមជម្រាបដែរថា កិច្ចពិភាក្សាស្តីពី “ឱកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា” គឺជាកម្មវិធីមួយក្នុងព្រឹត្តិការណ៍ពិព័រណ៍ “ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ” និងព្រឹត្តិការណ៍ពិព័រណ៍ “សម្លៀកបំពាក់ និងវាយភ័ណ្ឌកម្ពុជាអន្តរជាតិ” លើកទី៩ ដែលត្រូវបានរៀបចំចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥៕ អត្ថបទ៖ ហ្សាលីន