រាជរដ្ឋាភិបាល បានកំណត់បញ្ហាប្រឈមសំខាន់៧ នៅក្នុងវិស័យស្រូវអង្ករកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាល បានកំណត់យកបញ្ហាប្រឈមសំខាន់ៗចំនួន៧ នៅក្នុងវិស័យស្រូវអង្ករកម្ពុជា ខណៈដែលផលិតកម្មស្រូវក្នុងរយៈពេល១០ឆ្នំាចុងក្រោយ ឡើងជាមធ្យមប្រចាំឆ្នាំប្រមាណ៣,១%។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បញ្ហាប្រឈមសំខាន់ៗទំាង៧ក្នុងវិស័យស្រូវអង្ករកម្ពុជា បើយោងតាមគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នំា២០២២-២០៣០បញ្ជាក់ថា (១) រោងម៉ាស៊ីនកិនស្រូវភាគច្រើនជួបនឹងកង្វះទុនសម្រាប់ប្រមូលទិញស្រូវក្នុងរដូវដែលប្រមូលផលច្រើន ដែលជាហេតុធ្វើឱ្យស្រូវមួយភាគធំ បានហូរចេញទៅប្រទេសជិតខាង (២)កង្វះការផ្គត់ផ្គង់ពូជសុទ្ធ ជាពិសេសពូជស្រូវក្រអូប ដែលមានតម្លៃខ្ពស់ (៣) កង្វះទឹកសម្រាប់ស្រោចស្រពដំណាំស្រូវ ជាពិសេសនៅក្នុងរដូវប្រាំង ខណៈដែលកសិករភាគច្រើនពឹងផ្អែកលើទឹកភ្លៀងក្នុងរដូវវស្សា (៤) ភាពមានកម្រិតនៃការអនុវត្តបច្ចេកទេសដាំដុះប្រកបដោយភាតរបរិស្ថានរបស់កសិករ ដូចជាការរៀបចំដី ការប្រើប្រាស់ពូជ ជីគីមី និងថ្នាំសម្លាប់សត្វល្អិតជាដើម(៥)កាលវិភាគដាំដុះពុំទាន់ត្រូវបានកែប្រែឱ្យស្របតាមលក្ខខណ្ឌនៃការប្រែប្រួលអាកាសធាតុ ដើម្បីបញ្ចៀសហានិភ័យនៃគ្រោះរាំងស្ងួត និងទឹកជំនន់ (៦) ផែនទីដាំដុះដំណាំពុំទាន់ត្រូវបានអភិវឌ្ឍឱ្យបានជាក់លាក់ ដើម្បីធានាបាននូវទិន្នផល និងគុណភាព ដែលអាចប្រមូលផលបានតាមការរំពឹងទុក និងក្នុងថ្ងៃសមស្របនិង (៧) ការផ្សព្វផ្សាយកសិកម្មនៅមិនទាន់អនុវត្តបានទូលំទូលាយនៅឡើយ។

គោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នំា២០២២-២០៣០លើកឡើងថា ផលិតផលស្រូវបានកើនឡើងជាមធ្យមប្រចាំឆ្នាំប្រមាណ៣,១% ក្នុងរយៈពេល១០ឆ្នាំកន្លងមក(៨,២លានតោននៅឆ្នាំ២០១០ ដល់១០,៨លានតោន នៅឆ្នាំ២០១៩ និង១២,២១លានតោន នៅឆ្នាំ២០២១)។អតិរេកស្រូវ ក៏បានកើនគួរឱ្យកត់សម្គាល់ គឺបានកើនពី៣,៩លានតោន នាឆ្នាំ២០១០ ដល់៥,៧៥លានតោន នាឆ្នាំ២០១៩ និង៦,៩លានតោន នាឆ្នាំ២០២១។ ទិន្នផលស្រូវបានកើនពី២ ៩៧០គីឡូក្រាមក្នុងមួយហិកតា នៅឆ្នាំ២០១០ ដល់៣ ៤៩០គីឡូក្រាម ក្នុងមួយហិកតានៅឆ្នាំ២០២១។ កំណើនជាមធ្យមប្រចាំឆ្នាំនៃផ្ទៃដីដាំដុះដំណាំស្រូវមានប្រមាណ២,៤%( ដែលភាគច្រើនគឺកើនដោយសារការធ្វើប្រពលវប្បកម្ម) កំណើនផ្ទៃដីប្រមូលផលមាន២,២% និងទិន្នផលមធ្យមប្រចាំឆ្នាំកើនប្រមាណជាង២%។

ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ផលិតកម្មដំណាំស្រូវ បានប្រែប្រួលទៅតាមឆ្នាំនីមួយៗ។ ផលិតកម្មដំណាំស្រូវសម្រេចបានកំណើន៥,៧២%នៅឆ្នាំ២០០៩ កើនឡើងដល់៨,៧៥% នៅឆ្នាំ២០១០ និង៥,៨៣%នៅឆ្នាំ២០១២។

ស្ថានភាពអាក្រក់នៃគ្រោះរាំងស្ងួត បានធ្វើឱ្យផលិតកម្មដំណាំស្រូវធ្លាក់ចុះ នៅចន្លោះឆ្នាំ២០១៣ និងឆ្នាំ២០១៥។ នៅឆ្នាំ២០១៦ ទឹកភ្លៀងបានធ្លាក់រាយប៉ាយល្អទូទាំងប្រទេស បានធ្វើឱ្យផលិតកម្មដំណាំស្រូវសម្រេចបាន៦, ៦% នៅឆ្នាំ២០១៧ កំណើននេះបានធ្លាក់ចុះបន្តិចវិញ ដោយសម្រេចបាន៥, ៦៩% និង៣,៣៥%នៅឆ្នាំ២០១៨។ នៅឆ្នាំ២០២១ កំណើនផលិតកម្មដំណាំស្រូវសម្រេចបាន១១,៦%។ជាការសង្កេត កត្តាអាកាសធាតុពិតជាមានឥទ្ធិពលខ្លាំងទៅលើផលិតកម្មដំណាំស្រូវក៏ដូចជាដំណាំដទៃទៀត៕
អត្ថបទ៖សារេត