Tesla ប្រកាសរំសាយចោលក្រុមការងារបច្ចេកទេស Dojo ក្រោយងាកទៅពឹងផ្នែកលើ AI ជំនួស

អន្តរជាតិ

ក្រុមហ៊ុន Tesla ថ្មីៗនេះ​ បានប្រកាសថា ក្រុមការងារគ្រប់គ្រងលើកម្មវិធី Dojo Supercomputer របស់ខ្លួន នឹងត្រូវរំសាយចោល បន្ទាប់ពីមេដឹកនាំរបស់ក្រុមនេះ គឺលោក Peter Bannon នឹងត្រូវលាលែងចេញពីតំណែង ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Dojo Supercomputer គឺត្រូវបានរចនាឡើង ដើម្បីដំណើរការទិន្នន័យ និងវីដេអូជាច្រើន ពីរថយន្ត Tesla ដើម្បីបណ្តុះបណ្តាលលើកម្មវិធីបើកបរដោយស្វ័យប្រវត្តិ របស់ក្រុមហ៊ុនផលិតរថយន្តអគ្គសិនីខ្នាតយក្សរបស់អាមេរិក។

យោងតាមប្រភពខាងលើបានឲ្យដឹងទៀតថា ថ្មីៗនេះ Tesla បានប្រកាសពីការចាកចេញរបស់បុគ្គលិក ប្រហែល ២០ នាក់​ ពីក្រុមការងារ Dojo នេះ ដោយសារតែត្រូវបានជំនួសវិញដោយបច្ចេកវិទ្យា DensityAI ដែលត្រូវបានបង្កើតថ្មី។

មិនតែប៉ុណ្ណោះ​ ក្រុមហ៊ុនរបស់មហាសេដ្ឋី Elon Musk និយាយទៀតថា ខ្លួនក៏មានគម្រោងបង្កើនការពឹងផ្នែកលើដៃគូបចេ្ចកវិទ្យាខាងក្រៅផ្សេងទៀត ដូចជា Nvidia និង AMD សម្រាប់ផ្នែកបច្ចេកទេសកុំព្យូទ័រ និងក្រុមហ៊ុន Samsung Electronics សម្រាប់ផ្នែកបន្ទះឈីប ។

ជម្រាបជូនផងដែរថា ថ្មីៗនេះ​ ក្រុមហ៊ុន Tesla ហាក់កំពុងធ្វើការផ្លាស់ប្តូររចនាសម្ព័ន្ធរបស់ក្រុមហ៊ុនឡើងវិញ បន្ទាប់ពីបានប្រឈមមុខទៅនឹងការធ្លាក់ចុះប្រជាប្រិយភាព ដោយចាប់ដៃសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សធំៗ រួមទាំង Samsung និង LG ជាដើម៕​