ក្រុមហ៊ុន Tesla ថ្មីៗនេះ បានប្រកាសថា ក្រុមការងារគ្រប់គ្រងលើកម្មវិធី Dojo Supercomputer របស់ខ្លួន នឹងត្រូវរំសាយចោល បន្ទាប់ពីមេដឹកនាំរបស់ក្រុមនេះ គឺលោក Peter Bannon នឹងត្រូវលាលែងចេញពីតំណែង ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

Dojo Supercomputer គឺត្រូវបានរចនាឡើង ដើម្បីដំណើរការទិន្នន័យ និងវីដេអូជាច្រើន ពីរថយន្ត Tesla ដើម្បីបណ្តុះបណ្តាលលើកម្មវិធីបើកបរដោយស្វ័យប្រវត្តិ របស់ក្រុមហ៊ុនផលិតរថយន្តអគ្គសិនីខ្នាតយក្សរបស់អាមេរិក។
យោងតាមប្រភពខាងលើបានឲ្យដឹងទៀតថា ថ្មីៗនេះ Tesla បានប្រកាសពីការចាកចេញរបស់បុគ្គលិក ប្រហែល ២០ នាក់ ពីក្រុមការងារ Dojo នេះ ដោយសារតែត្រូវបានជំនួសវិញដោយបច្ចេកវិទ្យា DensityAI ដែលត្រូវបានបង្កើតថ្មី។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុនរបស់មហាសេដ្ឋី Elon Musk និយាយទៀតថា ខ្លួនក៏មានគម្រោងបង្កើនការពឹងផ្នែកលើដៃគូបចេ្ចកវិទ្យាខាងក្រៅផ្សេងទៀត ដូចជា Nvidia និង AMD សម្រាប់ផ្នែកបច្ចេកទេសកុំព្យូទ័រ និងក្រុមហ៊ុន Samsung Electronics សម្រាប់ផ្នែកបន្ទះឈីប ។
ជម្រាបជូនផងដែរថា ថ្មីៗនេះ ក្រុមហ៊ុន Tesla ហាក់កំពុងធ្វើការផ្លាស់ប្តូររចនាសម្ព័ន្ធរបស់ក្រុមហ៊ុនឡើងវិញ បន្ទាប់ពីបានប្រឈមមុខទៅនឹងការធ្លាក់ចុះប្រជាប្រិយភាព ដោយចាប់ដៃសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សធំៗ រួមទាំង Samsung និង LG ជាដើម៕

