ឆមាសទី១ ឆ្នាំ២០២៥នេះ អត្រាប្តូរប្រាក់រៀលឡើងថ្លៃ១,៦% ធៀបនឹងឆ្នាំ២០២៤

សង្គម​ និង​សេដ្ឋកិច្ច

អត្រាប្តូរប្រាក់នៅក្នុងឆមាសទី១ នេះមានកម្រិត ៤.០១១ រៀលក្នុងមួយដុល្លារអាម៉េរិក ដែលប្រាក់រៀលបានឡើងថ្លៃ ១,៦% ធៀបនឹងគ្រាដូចគ្នា ក្នុងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍ធនាគារជាតិនៃកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ប្រាក់រៀលបន្តមានស្ថិរភាពល្អប្រសើរ ព្រមទាំងមាននិន្នាការឡើងថ្លៃទៀតផង ដោយសារកំណើនតម្រូវការប្រាក់រៀល សម្រាប់ប្រើប្រាស់នៅក្នុងវិស័យកសិកម្ម ការទូទាត់អេឡិចត្រូនិក និងការបង់ពន្ធ។

លើសពីនេះ ការប្រែប្រួលរបស់អត្រាប្តូរប្រាក់ទៅតាមកត្តារដូវកាលក៏មានកម្រិតផងដែរ ដែលកត្តានេះបានរួមចំណែកថែមទៀតលើការបង្កើនទំនុកចិត្តលើប្រាក់រៀល។ ជាក់ស្តែង អត្រាប្តូរប្រាក់នាត្រីមាសទី២ បានប្រែប្រួលត្រឹមតែ -០,៣% ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៥ ដែលជាកម្រិតទាបជាងការប្រែប្រួលមុនវិបត្តិកូវីដ-១៩ (០,៩%)។

បើតាមធនាគារជាតិ ជាមធ្យម អត្រាប្តូរប្រាក់នៅក្នុងឆមាសទី១ នេះមានកម្រិត ៤.០១១ រៀលក្នុងមួយដុល្លារអាម៉េរិក ដែលប្រាក់រៀលបានឡើងថ្លៃ ១,៦% ធៀបនឹងគ្រាដូចគ្នាឆ្នាំ២០២៤ (ប្រមាណ៤.០៧៥ រៀល) និងឡើងថ្លៃ ០,៧% ធៀបនឹងគ្រាដូចគ្នាឆ្នាំ២០១៦-២០១៩ (ប្រមាណ៤.០៣៩ រៀល)។

គួរបញ្ជាក់ថា អត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា ត្រូវបានគណនាចេញពីអត្រាប្តូរប្រាក់ មធ្យមថ្លឹងរបស់ទីផ្សារប្តូរប្រាក់អន្តរធនាគារនៅលើផ្ទាលធនាគារជាតិនៃកម្ពុជា (NBCP)។ ប្រតិបត្តិការប្តូរប្រាក់លើ NBCP មាន ១,៨ ប៊ីលានដុល្លារអាមេរិក (៨៦៧ ប្រតិបត្តិការ) ដែលបានកើន ៤៣,៤% ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន (១,២ ប៊ីលានដុល្លារអាមេរិក ស្មើនឹង ៩៤៨ ប្រតិបត្តិការ)។

កំណើននេះបង្ហាញថា អត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារជាតិនៃកម្ពុជាកាន់តែឆ្លុះបញ្ចាំងពីអត្រាប្តូរប្រាក់ នៅលើទីផ្សារ ,ធនាគារជាតិនៃកម្ពុជាបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍទីផ្សារប្តូរប្រាក់ ជាមួយគ្នានេះ គ្រឹះស្ថានធនាគារកាន់តែមានឥទ្ធិពលនៅក្នុងការកំណត់ថ្លៃនៅលើទីផ្សារប្តូរ ប្រាក់ធៀបនឹងអាជីវករប្តូរប្រាក់៕