អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានបន្តដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចុះសួរសុខទុក្ខវីរកងទ័ពដែលរងរបួសនៅសមរភូមិ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ក្នុងខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃសៅរ៍ ទី៩ ខែសីហា ឆ្នាំ២០២៥ ដោយក្នុងដំណើរបំពេញបេសកកម្មនេះក៏មានការចូលរួមពីអ្នកឧកញ៉ា តែ អ៊ីឆែ និងឧកញ៉ា ស៊ន សុទ្ធី ផងដែរ។

ក្នុងឱកាសនេះដែរ គណៈប្រតិភូបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកវេជ្ជបណ្ឌិត ទុ បារាំង ប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី។
អ្នកឧកញ៉ាអគ្គលេខាធិការ បានថ្លែងថា ក្នុងស្មារតីខ្មែរតែមួយផ្សារភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិក្រោយ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា សូមកោតសរសើរចំពោះវីរភាពកងទ័ពគ្រប់ៗរូបដែលពោរពេញដោយឆន្ទៈដ៏មោះមុតក្លាហានក្នុងការការពារបូរណភាពទឹកដីប្រយុទ្ធប្តូរផ្តាច់តទល់នឹងសត្រូវឈ្លានពាន។ ជាមួយគ្នានេះ គណៈប្រតិភូក៏បាននាំយកនូវថវិកាមួយចំនួនពីសមាគមឧកញ៉ាកម្ពុជា ប្រគល់ជូនដល់យោធិនដែលកំពុងសម្រាកព្យាបាលរបួស និងបានជូនពរដល់វីរកងទ័ពទាំងអស់ដែលកំពុងសម្រាកព្យាបាលរបួស សូមបានឆាប់ជាសះស្បើយដើម្បីវិលត្រលប់ទៅបំពេញការងារនាពេលដ៏ខ្លីខាងមុខ។
គណៈប្រតិភូក៏បានសម្តែងនូវអំណរគុណចំពោះថ្នាក់ដឹកនាំមន្ទីរពេទ្យ ក៏ដូចជាក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលគ្រប់ៗរូប ដែលបានកំពុងបំពេញបម្រើការថែទាំព្យាបាលអ្នកជំងឺគ្រប់ស្ថានការណ៍ ប្រកបដោយវិជ្ជាជីវៈ និងសេចក្តីស្រឡាញ់អាណិតអាសូរ។
សូមបញ្ជាក់ថា នាសប្តាហ៍កន្លងមក ថ្នាក់ដឹកនាំ ក៏ដូចជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជា ក៏បានចុះសួរសុខទុក្ខព្រមទាំងនាំយកនូវអំណោយជាថវិកា គ្រឿងឧបភោគបរិភោគផ្សេងៗជូនដល់ក្រុមគ្រួសារយោធិនពលីក្នុងសមរភូមិនាមូលដ្ឋានផ្ទាល់ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាផងដែរ៕







