អ្នកឧកញ៉ា ផែ ហុកឈួន ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចុះសួរសុខទុក្ខវីរកងទ័ពដែលរងរបួសនៅសមរភូមិ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកងពលថ្មើជើងលេខ៤២ ក្នុងខេត្តឧត្តរមានជ័យ

សមាគមឧកញ៉ាកម្ពុជា

នាថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥នេះ អ្នកឧកញ៉ា ផែ ហុកឈួន អនុប្រធាន និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ដែលរួមមានវត្តមាន អ្នកឧកញ៉ា និងឧកញ៉ា ជាច្រើនរូបចុះសួរសុខទុក្ខវីរកងទ័ពដែលរងរបួសនៅសមរភូមិ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកងពលថ្មើជើងលេខ៤២ ដែលស្ថិតក្នុងខេត្តឧត្តរមានជ័យ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយផងដែរ។

អ្នកឧកញ៉ាផែ ហុកឈួន បានថ្លែងថា ក្នុងមនោសញ្ចេតនាគោរពស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះវីរកងទ័ពដែលបានបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពារបូរណភាព និងសេចក្តីសុខសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជា លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសូមកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់យោធិនគ្រប់ៗរូប ព្រមទាំងបានជូនពរដល់វីរកងទ័ពទាំងអស់ដែលកំពុងសម្រាកព្យាបាលរបួស សូមបានឆាប់ជាសះស្បើយដើម្បីវិលត្រលប់ទៅបំពេញការងារនាពេលដ៏ខ្លីខាងមុខ។ 

បន្ថែមពីលើនេះ គណៈប្រតិភូក៏បាននាំយកនូវថវិកាមួយចំនួនពីសមាគមឧកញ៉ាកម្ពុជា ជូនដល់យោធិនដែលកំពុងសម្រាកព្យាបាលរបួសផងដែរ។ 

ទន្ទឹមនឹងនេះ អ្នកឧកញ៉ាអនុប្រធាន រួមទាំងគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា បានសម្តែងនូវអំណរគុណចំពោះថ្នាក់ដឹកនាំមន្ទីរពេទ្យទាំងអស់ ក៏ដូចជាក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលគ្រប់ផ្នែក ដែលបានកំពុងបំពេញនាទីជាកងទ័ពអាវសជួរក្រោយដោយឈរលើសាមគ្គីភាពជាធ្លុងមួយយកចិត្តទុកដាក់មិនរាថយបម្រើការថែទាំព្យាបាលអ្នកជំងឺគ្រប់ស្ថានការណ៍ ប្រកបដោយវិជ្ជាជីវៈ និងសេចក្តីស្រឡាញ់អាណិតអាសូរ។

សូមបញ្ជាក់ថា នាសប្តាហ៍កន្លងមក ថ្នាក់ដឹកនាំ ក៏ដូចជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជា ក៏បានចុះសួរសុខទុក្ខព្រមទាំងនាំយកនូវអំណោយជាថវិកា គ្រឿងឧបភោគបរិភោគផ្សេងៗជូនដល់ក្រុមគ្រួសារយោធិនពលីក្នុងសមរភូមិនាមូលដ្ឋានផ្ទាល់ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាផងដែរ៕