CDC៖ ការអនុម័តគម្រោងរយៈពេល៧ខែ ឆ្នាំ២០២៥ គឺជាតួលេខខ្ពស់ជាងគេបំផុតក្នុងកំណត់ត្រាប្រវត្តិសាស្រ្ត

សង្គម​ និង​សេដ្ឋកិច្ច

ចំនួនគម្រោងដែលបានអនុម័តក្នុងរយៈពេល ៧ខែ នៃឆ្នាំ២០២៥ គឺជាតួលេខដែលច្រើនជាងគេបំផុតក្នុងកំណត់ត្រាប្រវត្តិការងារជាង៣០ឆ្នាំ បន្ទាប់ពីបង្កើតក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ នេះបើយោងតាមប្រសាសន៍របស់ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយនិងបណ្តុះបណ្តាលអំពី នីតិវិធីនៃការចុះបញ្ជីគម្រោងវិនិយោគតាមប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM និងការប្រើប្រាស់ហត្ថលេខា និងត្រាអេឡិចត្រូនិក (e-Signature & e-Stamp) នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ ក.អ.ក. ក្នុងការទាក់ទាញវិនិយោគ និងការសម្រួលពន្លឿននីតិវិធី ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងរយៈពេល ៧ខែ នៃឆ្នាំ២០២៥ មានគម្រោងវិនិយោគរហូតដល់ទៅ ៤៤០ គម្រោងត្រូវបានអនុម័ត ក្នុងទំហំទុនវិនិយោគប្រមាណ ៦,៧ពាន់លានដុល្លារអាម៉េរិក និងបង្កើតការងារបានប្រមាណ ៣១២ពាន់កន្លែង។

លោកបន្តថា ចំនួនគម្រោងដែលបានអនុម័តក្នុងរយៈពេល ៧ខែ នៃឆ្នាំ២០២៥នេះ ជាតួលេខដែលច្រើនជាងរយៈពេល ១២ខែពេញ នៃឆ្នាំ២០២៤ ហើយក៏ជាតួលេខខ្ពស់ជាងគេបំផុតក្នុងកំណត់ត្រាប្រវត្តិការងារជាង៣០ឆ្នាំ បន្ទាប់ពីបង្កើត CDC ។

គួររម្លឹកដែរថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដាក់ឱ្យប្រើប្រាស់សាកល្បងប្រព័ន្ធ cdcIPM នៅក្នុងខែសីហា ឆ្នាំ២០២៤ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ ជាមួយគ្នានេះ ដោយទទួលបានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចធិបតីនាយករដ្ឋមន្ត្រី ការដាក់ឱ្យប្រើប្រាស់ហត្ថលេខាអេឡិចត្រូនិក (e-Signature) និងត្រាអេឡិចត្រូនិក (e-Stamp) លើឯកសារទម្រង់ឌីជីថលចេញពីប្រព័ន្ធ cdcIPM ត្រូវបានធ្វើឡើងជាផ្លូវការ តាមរយៈសេចក្តីជូនដំណឹងលេខ ១៣៥៦/២៥ ក.អ.ក. ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងរយៈពេលជិតមួយឆ្នាំដែលបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ cdcIPM មានការដាក់ពាក្យស្នើសុំវិនិយោគតាមរយៈប្រព័ន្ធនេះមានចំនួន ៣៨២គម្រោង ក្នុងនោះបានអនុម័តចំនួន ៣២៨គម្រោង៕ អត្ថបទ៖ ហ្សាលីន