កម្ពុជានាំចេញផលិតផលលើកដំបូងជាង១២តោន ទៅប្រទេសអូស្ត្រាលី

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន រ៉ូយ៉ាល់ ត្រាស់ ត្រេឌីង ខូ អិលធីឌី (RTT) របស់កម្ពុជា បានបើកធ្វើការនាំចេញជាផ្លូវការលើកដំបូងនៅផលិតផលជាង១២តោន ទៅកាន់ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។ គ្រាប់ធញ្ញជាតិ និងផ្លែឈើក្រៀមជាង១២ តោន នាំចេញទៅប្រទេសអូស្ត្រាលី រួមមានគ្រាប់ស្វាយចន្ទី ស្វាយក្រៀម ខ្នុរក្រៀម ចេកក្រៀម និងត្រាវចំនិតក្រៀម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា “អូស្ត្រាលី មានមោទនភាពក្នុងការធ្វើជាដៃគូជាមួយ កម្ពុជានិងអាជីវកម្មរបស់កម្ពុជាដើម្បីជំរុញពាណិជ្ជកម្មឱ្យកាន់តែមានភាពប្រកួតប្រជែង និងឈានទៅកាន់ការទទួលបាននូវទីផ្សារថ្មីៗ។ កិច្ចខិតខំប្រឹងប្រែងនេះ នឹងជួយគាំទ្រទៅដល់គោលដៅរបស់ប្រទេសកម្ពុជានូវការចាក ចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួចប្រកបដោយជោគជ័យ។

លើសពីនេះនឹងជួយបង្កើននូវពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសយើងទាំងពីរ។ យើងប្តេជ្ញាចិត្តពង្រឹងភាពជាដៃគូសេដ្ឋកិច្ចរបស់យើងជាមួយកម្ពុជា និងគាំទ្រការធ្វើសមាហរណកម្មរបស់កម្ពុជាទៅក្នុងខ្សែសង្វាក់តម្លៃក្នុងតំបន់ និងលើសកលលោក”។

លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា “កិច្ចខិតខំប្រឹងប្រែងសហការ ដើម្បីជំរុញការនាំចេញផលិតផលផលិតកម្ពុជា គឺមានសារៈសំខាន់ណាស់ក្នុងការជំរុញវិស័យកែច្នៃកសិផលរបស់យើង ជាពិសេសនៅក្នុងបរិយាកាសពាណិជ្ជកម្មសកលដែលមិនមានភាពប្រាកដប្រជានាពេលបច្ចុប្បន្ន។ ការគាំទ្ររបស់រដ្ឋាភិបាលអូស្ត្រាលី ជួយឱ្យយើងអាចសម្រេចបាននូវការនាំចេញផ្លែឈើក្រៀមរបស់កម្ពុជា ទៅកាន់ប្រទេសអូស្ត្រាលី។ តាមរយៈការប្តេជ្ញាចិត្តពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា វិស័យឯកជននិងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀត។ ខ្ញុំជឿជាក់ថា ភាពធន់នៃសេដ្ឋកិច្ចរបស់យើង នឹងបន្តទៅមុខយូរអង្វែង និងកាន់តែរឹងមាំ”។

លោក ឈិន សុផល ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន RTT បានសម្តែងនូវអំណរគុណទៅដល់ អូស្ត្រាលី និងក្រសួងពាណិជ្ជកម្មលើការគាំទ្រកន្លងមក ដែលជួយឱ្យអាជីវកម្មសម្រេចបាននូវសមិទ្ធផលនេះ។ ការនាំចេញនេះបង្ហាញពីការកើនឡើងនៃសមត្ថភាពរបស់សហគ្រាសក្នុងស្រុក ក្នុងការឆ្លើយតបទៅនឹងតម្រូវការសកលលោក។

លោកបន្តថា “ពួកយើងជឿថា ការនាំចេញនាពេលនេះគ្រាន់តែជាចំណុចចាប់ផ្តើមប៉ុណ្ណោះ ហើយផលិតផលកម្ពុជាជាច្រើនផ្សេងទៀត នឹងអាចមានវត្តមានលើទីផ្សារអូស្ត្រាលី និងប្រទេសដទៃទៀតនៅពេលខាងមុខ”។

គូសបញ្ជាក់ផងដែរថា នៅឆ្នាំ២០២៤ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអូស្ត្រាលី ឈានទៅដល់ទំហំទឹកប្រាក់ប្រមាណជា១,១ពាន់លានដុល្លារ ដែលក្នុងនោះជាង ៧០ ភាគរយ នៃទឹកប្រាក់ពាណិជ្ជកម្មសរុប គឺជាការនាំចេញរបស់កម្ពុជា ទៅកាន់អូស្ត្រាលី៕