មហាសេដ្ឋីមានដាច់គេរបស់វៀតណាម និងជាស្ថាបនិករបស់ក្រុមហ៊ុន VinFast លោក Pham Nhat Vuong ថ្មីៗនេះ ត្រូវបានគេរាយការណ៍ថា បានចំណាយទឹកប្រាក់រហូតដល់ទៅ ១,៥ពាន់លានដុល្លារ ដើម្បីទិញយកអង្គភាពស្រាវជ្រាវ និងអភិវឌ្ឍរបស់ VinFast មកគ្រប់គ្រង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

តាមរយៈកិច្ចព្រមព្រៀងចុងក្រោយនេះ វានឹងឃើញថា Novatech Research and Development JSC ដែលធ្លាប់ជាអង្គភាពទទួលបន្ទុកលើការស្រាវជ្រាវ និងអភិវឌ្ឍនៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់វៀតណាម នឹងត្រូវបំបែកខ្លួនចេញពី VinFast ។
គួរឲ្យដឹងផងដែរថា ជុំវិញការសម្រេចចិត្តទិញយកអង្គភាព Novatech របស់លោក Vuong គឺជាការបើកផ្លូវថ្មីមួយសម្រាប់ក្រុមហ៊ុន VinFast ដើម្បីកាត់បន្ថយការចំណាយ ចំពេលកំពុងប្រឈមមុខទៅនឹងបញ្ហាជាច្រើន ដោយសារតែមានតម្រូវការខ្សោយ និងការប្រកួតប្រជែងខ្លាំង។
ជម្រាបជូនផងដែរថា លោក Vuong កាន់កាប់ប្រហែល ៩៨% នៅក្នុងក្រុមហ៊ុន VinFast និង VinGroup ដែលជាក្រុមហ៊ុនមេ។ កន្លងមក VinFast បានរាយការណ៍ពីការខាតបង់នៅត្រីមាស១ ចំនួន ៧១២,៤លានដុល្លារអាមេរិក ប៉ុន្តែក្នុងនោះប្រាក់ចំណូលកើនឡើង ១៥០% ដល់ ៦៥៦,៥លានដុល្លារ៕

