អ្នកឆ្លើយឆ្លងព័ត៌មានអាមេរិកប្រចាំសេតវិមាន លោក ALFARO MICHEL BARRY បានមកដល់ទីតាំងផ្ទាល់ ឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ នាល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ។
នេះបើតាមការឱ្យដឹងពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងនៅល្ងាចថ្ងៃទី១៥ សីហានេះ។

ការមកដល់របស់អ្នកឆ្លើយឆ្លងព័ត៌មានអាមេរិកប្រចាំសេតវិមាន គឺស្ថិតទីតាំងផ្ទាល់ កន្លែងដែលកងទ័ពថៃព័ទ្ធបន្លាលួសយកផ្ទះអ្នកភូមិ៦គ្រួសារ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា មុនការមកដល់របស់អ្នកឆ្លើយឆ្លងព័ត៌មានអាមេរិកប្រចាំសេតវិមានរូបនេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី១៥ សីហា ក៏បានផ្ដល់បទសម្ភាសជូនលោក ALFARO MICHAEL BARRY ផងដែរ ក្រោមការសម្របសម្រួលរបស់លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល។

ក្នុងបទសម្ភាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីប្រធានបទមួយចំនួន រួមមាន ភាពរីកចម្រើនរបស់កម្ពុជាក្រោយទទួលបានសុខសន្តិភាពពេញលេញពីសង្គ្រាមស៊ីវិល ចាប់តាំងពីអំឡុងទសវត្សរ៍ឆ្នាំ៧០, វឌ្ឍនភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការវាងកម្ពុជា និងសហរដ្ឋអាម៉េរិក, ស្ថានភាពនៅតំបន់ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តបទឈប់បាញ់, និងទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ព្រមទាំងសំណើរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើសុំផ្ដល់ជូន លោកប្រធានាធិបតី ដូណាល់ ត្រាំ ជាបេក្ខភាពទទួលពានរង្វាន់ណូប៊ែលសន្តិភាព ជាដើម៕











