ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថាADB នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះបានចេញផ្សាយថាខ្លួនបានអនុម័តប្រាក់កម្ចីចំនួន ៥២,៧២ លានដុល្លារសម្រាប់គម្រោងពង្រីកបណ្តាញអគ្គិសនីនៅកម្ពុជា។ គម្រោងនេះនឹងបន្ថែមបណ្តាញបញ្ជូនអគ្គិសនីក្នុងប្រទេស ដើម្បីធ្វើសមាហរណកម្មថាមពលកកើតឡើងវិញបន្ថែមទៀតទៅក្នុងបណ្តាញអគ្គិសនីជាតិ និងជួយបំពេញតម្រូវការអគ្គិសនីដែលកំពុងកើនឡើងជាមួយនឹងថាមពលស្អាត និងផលិតក្នុងស្រុក។

បើតាមធនាគារADB, ប្រទេសកម្ពុជា បានបង្កើនការផលិតអគ្គិសនីក្នុងស្រុករបស់ខ្លួន យ៉ាងឆាប់រហ័ស ដោយបន្ថែមបរិមាណផលិតទ្វេដងពី ៨,៦៨ តេរ៉ាវ៉ាត់ម៉ោងក្នុងឆ្នាំ២០២០ដល់១៧,៨៥ តេរ៉ាវ៉ាត់ម៉ោងក្នុងឆ្នាំ ២០២៤។ វឌ្ឍនភាពនេះឆ្លុះបញ្ចាំងពីការកើនឡើងនៃការពឹងផ្អែកលើខ្លួនឯងផ្នែកថាមពលនិងសក្តានុពលនៃប្រភពថាមពលកកើតឡើងវិញរបស់កម្ពុជាដើម្បីគាំទ្រគោលដៅអភិវឌ្ឍន៍របស់ខ្លួន។
លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា “សេវាអគ្គិសនីដែលអាចទុកចិត្តបាន និងមានតម្លៃសមរម្យគឺជាឆ្អឹងខ្នងនៃការរីកចម្រើនរបស់ប្រទេសកម្ពុជា។ គម្រោងថ្មីនេះមិនមែនគ្រាន់តែជាការកសាងខ្សែបញ្ជូនអគ្គិសនីនោះទេ វាគឺជាការតភ្ជាប់ប្រជាសហគមន៍ សាលារៀន មន្ទីរពេទ្យ និងអាជីវកម្ម ទៅនឹងអនាគតថាមពលស្អាតនិងធន់ជាងមុន។ តាមរយៈការបញ្ចូលថាមពល កកើតឡើងវិញកាន់តែច្រើនទៅក្នុងបណ្តាញអគ្គិសនី កម្ពុជាអាចផ្គត់ផ្គង់ថាមពលដល់ប្រជាពលរដ្ឋរបស់ខ្លួន ព្រមទាំងការពារបរិស្ថានសម្រាប់មនុស្សជំនាន់ក្រោយ”។

បណ្តាញអគ្គិសនីរបស់កម្ពុជាត្រូវបានសាងសង់ឡើងសម្រាប់ថាមពលធម្មតា។ ដូច្នេះឥឡូវនេះវាត្រូវពង្រីកដើម្បីបន្ថែមបញ្ចូលថាមពលព្រះអាទិត្យ និងខ្យល់ដែលកំពុងកើនឡើង។ គម្រោងនេះនឹងសាងសង់ខ្សែបញ្ជូនថាមពលអគ្គិសនី ២៣០ គីឡូវ៉ុលប្រវែង ៥៥ គីឡូម៉ែត្រ រវាងខេត្តពោធិ៍សាត់ និង ខេត្តកំពង់ឆ្នាំង និងកែលម្អស្ថានីយរងចំនួន ៩ នៅទូទាំងប្រទេស។ ការវិនិយោគទាំងនេះ នឹងពង្រឹងសមត្ថភាពបញ្ជូនថាមពលដើម្បីផ្តល់ថាមពលកកើតឡើងវិញទៅកាន់ទីតាំងដែលមានតម្រូវការទូទាំងប្រទេស បង្កើនភាពជឿជាក់ និងទាក់ទាញការវិនិយោគឯកជនកាន់តែច្រើន។
ដោយស្របតាមផែនការមេសម្រាប់អភិវឌ្ឍវិស័យថាមពលអគ្គិសនី(២០២២-២០៤០)និងគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល(២០២២-២០៣០)គម្រោងនេះនឹងជួយកាត់បន្ថយការបាត់បង់ថាមពលក្នុងដំណើរការបញ្ជូន និង បង្កើនសុវត្ថិភាពថាមពល៕

