គម្រោងវិនិយោគចំនួន១៧ ក្រោមទុន៣៦៧លានដុល្លារ ស្នើសុំចុះបញ្ជីបោះទីតាំងវិនិយោគក្នុងខេត្តចំនួន៥

សង្គម​ និង​សេដ្ឋកិច្ច

កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំ“កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី១២ ក្នុងឆ្នាំ២០២៥ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១៧គម្រោង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា  គម្រោងវិនិយោគដែលស្នើសុំចុះបញ្ជីទាំង១៧គម្រោង មានទុនវិនិយោគសរុបប្រមាណ ៣៦៧លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៧,២ពាន់កន្លែង។

គម្រោងវិនិយោគទាំងនោះ មានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន១៥គម្រោង (ផលិតឧបករណ៍ផ្ទុកថាមពល និងគ្រឿងអគ្គិសនីផ្សេងៗ, ផលិតបន្ទះក្តារកម្រាល និងបន្ទះក្តារសម្រាប់តុបតែងផ្សេងៗ, ផលិតសម្ភារៈកីទ្បា, កែច្នៃផ្លែឈើ, ផលិតសម្ភារៈក្មេងលេង, ផលិតសម្ភារៈតុបតែងសម្រាប់ពិធីបុណ្យ, ផលិតឧបករណ៍ជាងនិងសម្ភារៈបន្ទាប់បន្សំ, ផលិតបរិក្ខារអគ្គិសនីបំភ្លឺនិងគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ, បង្កើតសួនឧស្សាហកម្ម, ផលិតបរិក្ខារអគ្គិសនីបំភ្លឺ, គ្រឿងអគ្គិសនីប្រើប្រាស់ក្នុងផ្ទះនិងប្រអប់ដាក់សម្ភារៈជាង, កែច្នៃលោហធាតុ, ផលិតសម្ភារៈប្រើប្រាស់និងសម្ភារៈសម្រាប់ពិធីបុណ្យគ្រប់ប្រភេទពីប្លាស្ទិក, និងផលិតអំពូលភ្លើង និងអំពូលភ្លើងលម្អគ្រប់ប្រភេទ)។

ក្នុងនោះក៏មានក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន២គម្រោងផងដែរ រួមមាន (អភិវឌ្ឍន៍ស្ថានីយប្រព័ន្ធអាគុយស្តុកទុកថាមពលអានុភាព២០០មេហ្គាវ៉ាត់/៤០០មេហ្គាវ៉ាត់ម៉ោងក្នុងខេត្តពោធិ៍សាត់ និងអភិវឌ្ឍន៍ស្ថានីយប្រព័ន្ធអាគុយស្តុកទុកថាមពលអានុភាព៣០០មេហ្គាវ៉ាត់/៦០០មេហ្គាវ៉ាត់ម៉ោងក្នុងខេត្តកំពង់ឆ្នាំង)។

សូមបញ្ជាក់ថា គម្រោងវិនិយោគទាំង១៧ ខាងលើនេះ នឹងបោះទីតាំងវិនិយោគនៅខេត្តចំនួន៥ រួមមាន ខេត្តតាកែវ  កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង។

សូមជម្រាបជូនថា បើគិតពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៥ ការចុះបញ្ជីគម្រោងវិនិយោគមានចំនួន ៤៤០គម្រោង កើនឡើងចំនួន ២០៦គម្រោង ស្មើនឹងប្រមាណ ៨៨% ខណៈទំហំទុនវិនិយោគមានប្រមាណ ៦,៧ពាន់លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ៣ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៨៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

ជាការកត់សម្គាល់ ត្រឹមតែរយៈពេល ៧ខែនៃឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគ លើសការចុះបញ្ជីគម្រោងវិនិយោគពេញមួយឆ្នាំ២០២៤ រហូតដល់ទៅ ២៦គម្រោង៕