ខេត្តមណ្ឌលគិរី ជាខេត្តទី២៤ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) និងបានរៀបចំពីធីប្រកាសទទួលស្គាល់ជាផ្លូវការ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។


ថ្លែងក្នុងពិធីសម្ពោធ លោក លន់ សុភាព អភិបាលស្តីទី នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានលើកឡើងពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី មានការវិវត្ត រីកចម្រើន តាមរយៈការផ្លាស់ប្ដូរទម្លាប់ក្នុងការរស់នៅ ដោយផ្អែកលើទិន្នន័យបច្ចុប្បន្នភាពរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលនៅតាមខ្នងផ្ទះមានបង្គន់អនាម័យចំនួន ២១ ៥១២ ស្មើ ១០០% ក្នុងនោះខ្នងផ្ទះមានបង្គន់ផ្ទាល់ខ្លួនមានចំនួន ១៩ ២៥១ខ្នងផ្ទះ ស្មើនឹង៨៩,៥% និងខ្នងប្រើប្រាស់បង្គន់រួមមានចំនួន ២ ២៦១ខ្នងផ្ទះ ស្មើនឹង១០,៥% ។

ជាមួយគ្នានោះ លោក ឆាយ ឫទ្ធិសែន បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តមណ្ឌលគិរីសម្រេចបាននាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសគឺ ការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែមានភាពប្រសើរឡើង និងការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការផ្គត់ផ្គង់សេវាទឹកស្អាត និងការប្រតិបត្តិផ្លាស់ប្តូរទម្លាប់មប្រើប្រាស់បង្គន់អនាម័យបានត្រឹមត្រូវ និងរស់នៅប្រកបដោយភាពស៊ីវិល័យ។
លោកក៏បានលើកឡើងអំពីចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនបទគឺ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន និងចីរភាព”។ ដោយលោកគូសបញ្ជាក់ថា ក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពី ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ដែលបច្ចុប្បន្នសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៩១,៩៨% ក្នុងនោះការផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋានសម្រេចបាន ៨៩,២១% និងអនាម័យជនបទកម្រិតមូលដ្ឋានសម្រេចបាន ៩៤,៧៨% ព្រមទាំងបានកំណត់ថា នៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងការប្រតិបត្តិអនាម័យ ១០០% ព្រមទាំងរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព៕


