ក្នុងរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ ថ្ងៃទី ១៥ ខែវិច្ឆិកា រោងម៉ាស៊ីនកិនស្រូវជាដៃគូរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តប្រមូលទិញស្រូវក្នុងចំនួនកើនឡើងប្រមាណជាង ១៥០ ០០០ តោនពីប្រជាកសិករនៅទូទាំងប្រទេស។ នេះបើតាមការឱ្យដឹងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

សូមបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាកកស្ទះស្រូវនៅតាមទីវាល រោងម៉ាស៊ីនជាដៃគូរបស់ក្រសួងកសិកម្ម បានប្រមូលទិញស្រូវជាបន្តបន្ទាប់ ដោយក្នុងនោះមានប្រភេទស្រូវចំនួន៤ គឺ ស្រូវផ្ការំដួល ស្រូវវស្សា ស្រូវកែង និងស្រូវស្រងែ។
ក្រសួងកសិកម្ម បានរំពឹងទុកថាការប្រមូលទិញស្រូវនឹងហក់ឡើងខ្ពស់ខ្លាំងនៅក្នុងខែវិច្ឆិកានេះ ដែលជាខែប្រមូលផលធំក្នុងរដូវកាលនេះ លើផ្ទៃដីដាំដុះប្រហែល១,៥លានហិកតា ជាមួយនឹងបរិមាណផលចន្លោះពី៤-៥លានតោនស្រូវសើម។
ក្រសួងកសិកម្ម បានបញ្ជាក់ថា ប៉ុន្មានខែកន្លងមកនេះ តាមរយៈមន្ត្រីកសិកម្មឃុំនិងរោងម៉ាស៊ីនដៃគូទាំងអស់ ក្រសួងកសិកម្មនិងសហព័ន្ធស្រូវអង្ករបានធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធស្ទើរតែរៀងរាល់ថ្ងៃជាមួយនឹងវិសាលភាពដ៏ធំធេង ដើម្បីធានាឱ្យបានថាការប្រមូលទិញស្រូវពីបងប្អូនកសិករយើងនៅតាមទីវាលនៅតែមានលំហូរជាប់ជាប្រចាំ និងជួយមិនឱ្យកសិករកកស្ទះរហូតដល់ខូចស្រូវនោះឡើយ៕

