និយតករអូស្ត្រាលីប្តឹង Google ឲ្យផ្តល់សំណងជាង ៣៥លានដុល្លារ ពីបទប្រឆាំងច្បាប់ប្រកួតប្រជែង

អន្តរជាតិ

​ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក Google ត្រូវបាននិយតកររបស់ប្រទេសអូស្រ្តាលី ប្តឹងទៅតុលាការ កាលពីថ្ងៃចន្ទ ដើម្បីផ្តល់សំណងជាទឹកប្រាក់ប្រមាណជាង ៣៥លានដុល្លារ ជុំវិញការរំលោភបំពានច្បាប់ប្រកួតប្រជែង នៅក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គណៈកម្មការប្រកួតប្រជែង និងអ្នកប្រើប្រាស់អូស្ត្រាលី (ACCC) បាននិយាយថាក្រុមហ៊ុន Google Asia Pacific បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនទូរគមនាគមន៍ធំៗចំនួនពីរ​ គឺ​ Telstra និង Optus នៅចន្លោះខែធ្នូ ឆ្នាំ២០១៩ ដល់ខែមីនា ឆ្នាំ២០២១ ដោយបង់ប្រាក់ឲ្យពួកគេ ដើម្បីដំឡើងកម្មវិធីស្វែងរក Google Search ជាមុន នៅលើទូរសព្ទ Android ដែលពួកគេបានលក់។

មិនតែប៉ុណ្ណោះ ACCC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជាថ្នូរមកវិញទាំង Telstra និង Optus បានទទួលចំណែកនៃប្រាក់ចំណូលដែល Google បានមកពីការផ្សាយពាណិជ្ជកម្មបង្ហាញដល់អ្នកប្រើប្រាស់ នៅពេលពួកគេប្រើប្រាស់ Google Search នៅលើទូរសព្ទ Android របស់ពួកគេ ដែលនេះគឺជាការប្រឆាំងធ្ងន់ធ្ងរទៅនឹងច្បាប់ប្រកួតប្រជែង។

ACCC ក៏បានបញ្ជាក់ផងដែរថា Google ឥឡូវនេះ បានយល់ព្រមសហការជាមួយនិយតករ ដើម្បីទទួលខុសត្រូវ និងយល់ព្រមបង់ប្រាក់ពិន័យសរុបចំនួន ៥៥លានដុល្លារអូស្រ្តាលី​ (៣៥,៨លានដុល្លារ) ជុំវិញការរំលោភបំពានច្បាប់នេះ៕​