អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំរៀបចំវេចខ្ចប់ ដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ និងសម្ភារផ្សេងៗ យកទៅប្រគល់ជូនជនភៀសសឹក និងកងទ័ពជួរមុខ

ជុំវិញ​ឧកញ៉ា

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ នៅថ្ងៃទី១៧ និងទី១៨ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារមកពីក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (ធនាគារ វីង ,CBS , សែលកាត) និងសិល្បករសិល្បការិនី មកពី សមាគមសិល្បករខ្មែរ រៀបចំវេចខ្ចប់សម្លៀកបំពាក់ សម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគចម្រុះ ដូចជា អាហារក្រៀម អង្ករ គ្រឿងទេស អាវភ្លៀង ថ្នាំពេទ្យ ភេសជ្ជៈ និងនំចំណីសម្រាប់កុមារ ដើម្បីនាំយកទៅចែកជូនដល់បងប្អូនជនភៀសសឹក និងវីរកងទ័ពជួរមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសមាគមសិល្បករខ្មែរ បានឱ្យដឹងថា តាមរយៈអ្នកគ្រប់គ្រងមូលនិធិ ទ្រទ្រង់ជនភៀសសឹក បានបញ្ជាក់ថា សម្លៀកបំពាក់ សម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគចម្រុះទាំងនេះ បានទទួលពីកម្លាំងសាមគ្គីរបស់សប្បុរសជនមកពីគ្រប់ទិសទីតាមរយៈ «មូលនិធិទ្រទ្រង់ជនភៀសសឹក » ដែលបានផ្តួចផ្តើមឡើងដោយអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ។

អ្នកគ្រប់គ្រងមូលនិធិ បានបញ្ជាក់បន្ថែមថា នេះជាលើកទីបួនហើយ ដែលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងសមាគមសិល្បករខ្មែរ បាននាំយកមូលនិធិទ្រទ្រង់ជនភៀសសឹក ទៅប្រគល់ជូនដល់ដៃប្រជាពលរដ្ឋជា ជនភៀសខ្លួននៅជំរំសុវត្ថិភាព និងបងៗវីរកងទ័ពការពារទឹកដីពីការឈ្លានពានរបស់ថៃ។

តាមការគ្រោងទុក លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នឹងដឹកនាំយកនូវសម្លៀកបំពាក់ សម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ដែលបានវេចខ្ចប់ទាំងអស់នេះ ទៅចែកជូនដល់ជនភៀសសឹក និង វីរកងទ័ព ដោយផ្ទាល់តែម្តង។

សូមបញ្ជាក់ថា មូលនិធិទ្រទ្រង់ជនភៀសសឹក បានកើតឡើងដោយគំនិតផ្តួចផ្តើមដោយអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ក្រោមកិច្ចសហការរួមជាមួយសមាគមសិល្បករខ្មែរ ធនាគារវីង ក្រុមហ៊ុន CBS ក្រុមហ៊ុន សែលកាត និងដោយមានការគាំទ្រពីក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។ មូលនិធិនេះ បង្កើតឡើងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់ជនភៀសសឹកនៅតាមតំបន់ព្រំដែន តាមរយៈការកៀរគរថវិកា និងអំណោយពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស៕

រូបភាព៖ សមាគមសិល្បករខ្មែរ