ភ្ញៀវទេសចរចិនឈានមុខគេដែលមកទស្សនាប្រាសាទអង្គរវត្តក្នុងខែកក្កដា ឆ្នាំ២០២៥

សង្គម​ និង​សេដ្ឋកិច្ច

លោក វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា នៅក្នុងខែកក្កដា ឆ្នាំ២០២៥ ចិនគឺជាប្រភពភ្ញៀវទេសចរបរទេសច្រើនជាងគេ ដែលទៅទស្សនាប្រាសាទអង្គរវត្ត ដោយមានភ្ញៀវទេសចរចិនចំនួន ៥៧២០ នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើកឡើងលើបណ្តាញសង្គមផ្លូវការ លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា «តាមរយៈតួលេខរបស់អាជ្ញាធរជាតិអប្សរាបានបង្ហាញថា ក្នុងរយៈពេល៧ខែដំបូងឆ្នាំនេះ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរចិនចំនួន ៥៣២៩១ នាក់ កើនឡើង ២១% បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន។

លោកបន្តថា នៅក្នុងខែកក្កដា ចិនគឺជាប្រភពភ្ញៀវទេសចរបរទេសច្រើនជាងគេសម្រាប់ប្រាសាទអង្គរវត្ត ដោយមានភ្ញៀវទេសចរចិនចំនួន ៥៧២០ នាក់បានទៅទស្សនាទីនោះ។ ឆ្នាំ ២០២៥ ត្រូវបានកំណត់ថាជាឆ្នាំទេសចរណ៍កម្ពុជា-ចិន ចំនួនភ្ញៀវទេសចរចិនដែលមកទស្សនាប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងបន្តកើនឡើងពេញមួយឆ្នាំ»។

គួរបញ្ជាក់ថា សម្រាប់រយៈពេល ៧ខែ ដើមឆ្នាំ២០២៥នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣,៧១ លាននាក់ ក្នុងនោះ ភ្ញៀវទេសចរចិនមានចំនួនជិត ៦៩ ម៉ឺននាក់ កើនឡើង ៤៨,២%។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានគូសបញ្ជាក់ថា វិស័យទេសចរណ៍ បានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសលំហូរចូលយ៉ាងច្រើននៃភ្ញៀវទេសចរចិនមកកម្ពុជា។ ក្នុងនោះ នៅមុនវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០១៩ មានចំនួនប្រមាណ ២,៤ លាននាក់ ឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ ៦,៧ លាននាក់ កើនឡើងប្រមាណ ២៣% ធៀបនឹងឆ្នាំ២០២៣ ក្នុងនោះ ភ្ញៀវទេសចរចិន មានចំនួនប្រមាណ ៨៥ ម៉ឺននាក់ កើនឡើង ៥៥% ។

ដោយឡែកក្នុងឆ្នាំ២០២៥នេះ កម្ពុជា បង្ហាញការរំពឹងថានឹងស្វាគមន៍ភ្ញៀវ​ទេសចរអន្តជាតិប្រមាណ ​៧,៥ លាននាក់ ដែលនឹង​បង្កើតចំណូល​ចូល​សេដ្ឋកិច្ចជាតិ ប្រមាណ​​ជាង​៥ពាន់លានដុល្លារ​ផងដែរ៕