ក្រុមហ៊ុនផលិតតុក្កតា Labubu ប្រកាសពីការកើនឡើងប្រាក់ចំណេញសុទ្ធ ៤០០% ក្នុងឆមាសទី១

អន្តរជាតិ

អាជីវកម្មរបស់ក្រុមហ៊ុនផលិតតុក្កតាខ្នាតយក្សរបស់ប្រទេសចិន Pop Mart ត្រូវបានគេរាយការណ៍ថា មានភាពប្រសើរឡើងខ្លាំង នៅក្នុងឆមាសទី១ នៃឆ្នាំនេះ ដោយសារតែតម្រូវការខ្ពស់ និងយុទ្ធសាស្រ្តពង្រីកទីផ្សារអន្តរជាតិរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី១៩ ខែសីហាកន្លងទៅ ក្រុមហ៊ុនដែលជាម្ចាស់តុក្កតាដ៏ល្បីល្បាញ Labubu នេះ បានប្រកាសថា ប្រាក់ចំណូលឆមាសទី១ របស់ខ្លួន បានកើនឡើងជាង ២០០% បើធៀបទៅនឹងពេលដូចគ្នាកាលពីឆ្នាំមុន ដល់ចំនួន ១៣, ៨ពាន់លានយ៉ន់ (ជិត ២ពាន់លានដុល្លារ)។ ប្រាក់ចំណេញសុទ្ធវិញ ក៏បានកើនឡើងដល់ ៤០០% ផងដែរ ដល់ចំនួន ៤,៥ពាន់លានយ៉ន់។

ជុំវិញការកើនឡើងនេះ បានធ្វើឲ្យ ភាគហ៊ុនរបស់ Pop Mart ហក់ឡើង ៨% នៅលើទីផ្សារហ៊ុនហុងកុង ពោលគឺបានកើនឡើងជាង ២០០% រួចមកហើយ គិតចាប់តាំងពីដើមឆ្នាំ២០២៥ នេះមក។ ស្របពេលតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុនផលិតតុក្កតាចិន ឥឡូវនេះ​ កើនឡើងលើសក្រុមហ៊ុនខ្នាតយក្សដូចជា Mattel (អ្នកបង្កើតតុក្កតា Barbie) និង Sanrio (អ្នកបង្កើតតុក្កតា Hello Kitty) ទៅទៀត។

ជម្រាបជូនថា នៅក្នុងបទសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយចិន កាលពីខែមុន នាយកប្រតិបត្តិ Pop Mart លោក Wang Ning បានព្យាករថា ការលក់ Labubu នឹងកើនឡើងលើសពី ១០ លាន ក្នុងមួយថ្ងៃ គិតចាប់ពីខែកញ្ញា ឆ្នាំនេះទៅ៕​