អាជីវកម្មរបស់ក្រុមហ៊ុនផលិតតុក្កតាខ្នាតយក្សរបស់ប្រទេសចិន Pop Mart ត្រូវបានគេរាយការណ៍ថា មានភាពប្រសើរឡើងខ្លាំង នៅក្នុងឆមាសទី១ នៃឆ្នាំនេះ ដោយសារតែតម្រូវការខ្ពស់ និងយុទ្ធសាស្រ្តពង្រីកទីផ្សារអន្តរជាតិរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

កាលពីថ្ងៃទី១៩ ខែសីហាកន្លងទៅ ក្រុមហ៊ុនដែលជាម្ចាស់តុក្កតាដ៏ល្បីល្បាញ Labubu នេះ បានប្រកាសថា ប្រាក់ចំណូលឆមាសទី១ របស់ខ្លួន បានកើនឡើងជាង ២០០% បើធៀបទៅនឹងពេលដូចគ្នាកាលពីឆ្នាំមុន ដល់ចំនួន ១៣, ៨ពាន់លានយ៉ន់ (ជិត ២ពាន់លានដុល្លារ)។ ប្រាក់ចំណេញសុទ្ធវិញ ក៏បានកើនឡើងដល់ ៤០០% ផងដែរ ដល់ចំនួន ៤,៥ពាន់លានយ៉ន់។
ជុំវិញការកើនឡើងនេះ បានធ្វើឲ្យ ភាគហ៊ុនរបស់ Pop Mart ហក់ឡើង ៨% នៅលើទីផ្សារហ៊ុនហុងកុង ពោលគឺបានកើនឡើងជាង ២០០% រួចមកហើយ គិតចាប់តាំងពីដើមឆ្នាំ២០២៥ នេះមក។ ស្របពេលតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុនផលិតតុក្កតាចិន ឥឡូវនេះ កើនឡើងលើសក្រុមហ៊ុនខ្នាតយក្សដូចជា Mattel (អ្នកបង្កើតតុក្កតា Barbie) និង Sanrio (អ្នកបង្កើតតុក្កតា Hello Kitty) ទៅទៀត។
ជម្រាបជូនថា នៅក្នុងបទសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយចិន កាលពីខែមុន នាយកប្រតិបត្តិ Pop Mart លោក Wang Ning បានព្យាករថា ការលក់ Labubu នឹងកើនឡើងលើសពី ១០ លាន ក្នុងមួយថ្ងៃ គិតចាប់ពីខែកញ្ញា ឆ្នាំនេះទៅ៕

