យោងតាមក្រសួងទេសចរណ៍ បានបង្ហាញឲ្យដឹងកាលពីថ្ងៃអង្គារថា ការមកដល់របស់ភ្ញៀវទេសចរបរទេស ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៧ ខែសីហា បានធ្លាក់ចុះ ៧,០៤% បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មានភ្ញៀវទេសចរបរទេសប្រហែល ២០,៨១ លាននាក់ អំឡុងពេលនោះ ស្របពេលជនជាតិចិន នៅតែជាប្រភពទីផ្សារធំជាងគេ ដោយមានអ្នកមកទស្សនាប្រទេសថៃ សរុបជិត ៣ លាននាក់។
កាលពីថ្ងៃចន្ទ ទីភ្នាក់ងារផែនការរដ្ឋ បានកាត់បន្ថយការព្យាកររបស់ខ្លួន សម្រាប់ការមកដល់របស់ភ្ញៀវបរទេស ក្នុងឆ្នាំនេះ មកនៅត្រឹមតែ ៣៣ លាននាក់ ពោលគឺធ្លាក់ចុះពីចំនួន ៣៧ លាននាក់។
ជម្រាបជូនថា ការធ្លាក់ចុះនេះ ហាក់កំពុងបង្កជាបញ្ហាប្រឈមដ៏ធំសម្រាប់វិស័យទេសចរណ៍ដ៏សំខាន់របស់ប្រទេស បន្ទាប់ពីពួកគេទទួលបានកំណត់ត្រាចំនួនជិត ៤០ លាននាក់ ក្នុងអំឡុងពេលមុនជំងឺរាតត្បាតកូវីដ-១៩ ក្នុងឆ្នាំ២០១៩។ បន្ថែមពីលើនេះ ការព្រួយបារម្ភផ្នែកនយោបាយ រួមទាំងការភ័យខ្លាចអស្ថិរភាពដែលកើតចេញពីបញ្ហាផ្ទៃក្នុងរបស់ប្រទេសថៃ ក៏កំពុងទាញទម្លាក់វិស័យនេះ ផងដែរ៕

