ប្តីប្រពន្ធម្ចាស់ Vingroup ឥឡូវនេះគ្រប់គ្រងជិត ៧៥% នៃចំនួនទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីកំពូលៗវៀតណាម

អន្តរជាតិ

លោក Pham Nhat Vuong ដែលជាប្រធាន​ក្រុមហ៊ុន Vingroup និង​ភរិយា​របស់​លោក គឺ​លោកស្រី Pham Thu Huong និងជាអ្នកមានដាច់គេទាំងពីររបស់​វៀតណាម មានទ្រព្យសម្បត្តិរួមគ្នាសរុប ៤០,៦ពាន់​លាន​ដុល្លារ​ ពោលគឺស្មើ​នឹង​ជិត ៧៤,៥% នៃ​ចំនួនទ្រព្យ​សម្បត្តិ​សរុប​ដែល​កាន់កាប់​ដោយ​មហាសេដ្ឋី​កំពូលៗទាំង​ប្រាំបី​រូប​របស់​ប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម Forbes បានបង្ហាញថា កំពូលអ្នកមានបំផុតរបស់វៀតណាមទាំងប្រាំបី​រូប​ មាន​ទ្រព្យ​សម្បត្តិរួមគ្នា​សរុប​ចំនួន ៥៤,៥ពាន់​លាន​ដុល្លារ។ ក្នុងនោះលោក Vuong ឈរនៅចំណាត់ថ្នាក់លេខ១ ជាមួយទ្រព្យសម្បត្តិសរុប ៣៦,៥ពាន់​លាន​ដុល្លារ ហើយក៏ធ្វើឲ្យលោកជាអ្នកមាន​បំផុត​នៅក្នុងតំបន់​អាស៊ីអាគ្នេយ៍ ផងដែរ។

មិនតែប៉ុណ្ណោះ ប្រធានក្រុមហ៊ុន Vingroup រូបនេះ ជាប់ចំណាត់ថ្នាក់ទី៦០ ទូទាំងពិភពលោកថែមទៀតផង។ ដោយឡែកភរិយារបស់គាត់ គឺលោកស្រី Pham Thu Huong ដែលជាអនុប្រធាន Vingroup ថ្មីៗនេះបានឡើងតំណែងជាអ្នកមានដាច់គេទី២ របស់វៀតណាមផងដែរ ដោយមានទ្រព្យសម្បត្តិសរុប ៤,១ពាន់លានដុល្លារ ដោយវ៉ាដាច់លោកស្រី Nguyen Thi Phuong Thao ប្រធានក្រុមហ៊ុន Vietjet ដែលមានទ្រព្យសម្បត្តិ ៤ពាន់លានដុល្លារ។

ជម្រាបជូនថា លោកស្រី​ Huong បានចូលក្នុងបញ្ជីមហាសេដ្ឋីពិភពលោកប្រចាំឆ្នាំរបស់ទស្សនាវដ្តី Forbes របស់សហរដ្ឋអាមេរិកជាលើកដំបូងកាលពីខែកុម្ភៈ រួមជាមួយប្អូនស្រីរបស់លោកស្រី ឈ្មោះ Pham Thuy Hang ដែលឥឡូវនេះជាអ្នកមានបំផុតទីបួនរបស់ប្រទេសវៀតណាម ដែលមានទ្រព្យសម្បត្តិ ២,៩ពាន់លានដុល្លារ៕​