កាលពីពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្មអាមេរិក បានប្រកាសដំឡើងពន្ធទៅលើផលិតធ្វើពីដែក និងអាលុយមីញ៉ូមដល់ជាង ៤០០ មុខបន្ថែមទៀត បន្ទាប់ពីពន្ធគយថ្មីចុងក្រោយនេះ ត្រូវបានចូលជាធរមាន កាលពីដើមសប្តាហ៍នេះកន្លងទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

តាមប្រភពខាងលើបានបង្ហាញឲ្យដឹងទៀតថា បញ្ជីពន្ធគយដែកថែប និងអាលុយមីញ៉ូមថ្មីនេះ បានគ្រប់ដណ្តប់លើផលិតផលជាច្រើរយប្រភេទ ដោយរាប់ចាប់តាំងពីបំពង់ពន្លត់អគ្គិភ័យ ទួរប៊ីនខ្យល់ រថយន្ត គ្រឿងចក្រ គ្រឿងបន្លាស់ ម៉ូតូ រហូតដល់សារធាតុគីមី ដែលមានផ្ទុកសារធាតុអាលុយមីញ៉ូម ឬដែកជាដើម។
ទន្ទឹមនឹងនេះ បើតាមការស្រាវជ្រាវពីធនាគារវិនិយោគ Evercore ISI បាននិយាយថា គោលនយោបាយនេះ អាចនឹងប៉ះពាល់ដល់ការនាំចូលច្រើនជាង ២០០ពាន់លានដុល្លារ ទៅកាន់សហរដ្ឋអាមេរិក ដោយផ្នែកទៅលើតួលេខកាលពីឆ្នាំមុន។
លោក Jeffrey Kessler អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មសម្រាប់ឧស្សាហកម្ម និងសន្តិសុខ បាននិយាយថា ៖”សកម្មភាពនៃការដាក់ពន្ធនៅថ្ងៃនេះ នឹងពង្រីកវិសាលភាពនៃពន្ធដែកថែប និងអាលុយមីញ៉ូម និងរារាំងការគេចវេសពន្ធ ដោយគាំទ្រដល់ការរស់ឡើងវិញនៃឧស្សាហកម្មដែក និងអាលុយមីញ៉ូមរបស់អាមេរិក” ។
ជម្រាបជូនផងដែរថា សហរដ្ឋអាមេរិក បានចាប់ផ្តើមដាក់ពន្ធលើដែក និងអាលុយមីញ៉ូម ក្នុងខែមីនា ក្នុងអត្រា ២៥%។ ហើយកាលពីខែមិថុនា ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានដំឡើងអត្រាពន្ធបន្ថែមទ្វេដង ដោយបច្ចុប្បន្នដែក និងអាលុយមីញ៉ូម ត្រូវជាប់ពន្ធរហូតដល់ទៅ ៥០%។
តួរលេខរបស់រដ្ឋាភិបាលអាមេរិក បានបង្ហាញទៀតថា ការដំឡើងពន្ធនេះ បានជះឥទ្ធិពលដ៏ធំបំផុតលើប្រទេសកាណាដា និងម៉ិកស៊ិក ដែលជាអ្នកនាំចេញដែកថែប និងអាលុយមីញ៉ូម ឈានមុខគេទាំងពីរ ទៅកាន់សហរដ្ឋអាមេរិក៕

