សម្តេចតេជោ សាទរវៀតណាម ដែលបានធ្វើដំណើរ​យ៉ាង​ស្វា​ហាប់ក្នុង​ការ​អភិ​វឌ្ឍសង្គម-សេដ្ឋកិច្ច

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសាទរចំពោះមិត្តវៀតណាម ដែលបានធ្វើដំណើរ​យ៉ាង​ស្វា​ហាប់ក្នុង​ការ​អភិ​វឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេសការទទួលបានកំណើន សេដ្ឋ​កិច្ចជាង៧ភាគរយ ក្នុងឆ្នាំ២០២៤។នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងខួបលើកទី៨០ឆ្នាំ នៃទិវាឯករាជ្យរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម កាលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក ង្វៀន មីញ វ៉ូ ឯកអគ្គរដ្ឋទូតវៀតណាម​ប្រចាំ​នៅកម្ពុជា បានចាត់ទុកការអញ្ជើញចូលរួមជាកិត្តិយសរបស់សម្តេចតេជោ គឺជាសក្ខីភាពដ៏រឹងមាំនៃចំណងសាមគ្គីភាព មិត្ត​ភាព​ជាប្រពៃណី និងក្តីស្រលាញ់ដ៏ជ្រាលជ្រៅចំពោះប្រជាជនវៀតណាម។

ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការអបអរសាទរចំពោះមិត្តវៀតណាម ដែលបានធ្វើដំណើរ​យ៉ាង​ស្វា​ហាប់ក្នុង​ការ​អភិ​វឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេសការទទួលបានកំណើន សេដ្ឋ​កិច្ចជាង ៧ភាគរយ ក្នុងឆ្នាំ២០២៤។

តាមរយៈពិធីនេះដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហាញ​ជឿ​ជាក់​ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់​បក្សកុម្មុយនីស្តវៀត​ណាម នឹងសម្រេចបានទិសដៅសហ​ស្សវត្សរ៍​ចំនួន​ពីរសំខាន់ រួមមាន៖ទី១៖ ជាប្រទេសកំពុងអភិវឌ្ឍ ដែលមានឧស្សាហកម្មទំនើប និងមានប្រាក់ចំណូល​មធ្យម​កម្រិតខ្ពស់នៅឆ្នាំ២០៣០ ក្នុងឱកាសខួប ១០០ឆ្នាំ នៃការបង្កើតបក្ស​កុម្មុយ​នីស្ត​វៀតណាម និងទី២៖ ជាប្រទេសសង្គមនិយម ដែលមានការអភិវឌ្ឍ និងមានប្រាក់ចំណូល​កម្រិត​ខ្ពស់ នៅឆ្នាំ២០៤៥ ស្របពេលខួបលើកទី១០០ នៃការបង្កើតសាធារណរដ្ឋប្រជា​ធិបតេយ្យ​វៀតណាម ក៏ដូចជាការលើកស្ទួយកិត្យានុភាព និង តួនាទីរបស់វៀតណាមនៅ​លើឆាក​តំបន់ និងអន្តរជាតិ៕ អត្ថបទ៖ ហ្សាលីន