សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសាទរចំពោះមិត្តវៀតណាម ដែលបានធ្វើដំណើរយ៉ាងស្វាហាប់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេសការទទួលបានកំណើន សេដ្ឋកិច្ចជាង៧ភាគរយ ក្នុងឆ្នាំ២០២៤។នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងខួបលើកទី៨០ឆ្នាំ នៃទិវាឯករាជ្យរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម កាលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥។

នាឱកាសនោះ លោក ង្វៀន មីញ វ៉ូ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានចាត់ទុកការអញ្ជើញចូលរួមជាកិត្តិយសរបស់សម្តេចតេជោ គឺជាសក្ខីភាពដ៏រឹងមាំនៃចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងក្តីស្រលាញ់ដ៏ជ្រាលជ្រៅចំពោះប្រជាជនវៀតណាម។
ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការអបអរសាទរចំពោះមិត្តវៀតណាម ដែលបានធ្វើដំណើរយ៉ាងស្វាហាប់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេសការទទួលបានកំណើន សេដ្ឋកិច្ចជាង ៧ភាគរយ ក្នុងឆ្នាំ២០២៤។
តាមរយៈពិធីនេះដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហាញជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់បក្សកុម្មុយនីស្តវៀតណាម នឹងសម្រេចបានទិសដៅសហស្សវត្សរ៍ចំនួនពីរសំខាន់ រួមមាន៖ទី១៖ ជាប្រទេសកំពុងអភិវឌ្ឍ ដែលមានឧស្សាហកម្មទំនើប និងមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ក្នុងឱកាសខួប ១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនីស្តវៀតណាម និងទី២៖ ជាប្រទេសសង្គមនិយម ដែលមានការអភិវឌ្ឍ និងមានប្រាក់ចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៤៥ ស្របពេលខួបលើកទី១០០ នៃការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ក៏ដូចជាការលើកស្ទួយកិត្យានុភាព និង តួនាទីរបស់វៀតណាមនៅលើឆាកតំបន់ និងអន្តរជាតិ៕ អត្ថបទ៖ ហ្សាលីន



