ខេត្តពោធិ៍សាត់បានប្រកាសទទួលស្គាល់ជាផ្លូវការ ជាខេត្តទី២៤ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។ ពីធីប្រកាសទទួលស្គាល់ជាផ្លូវការនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥។

នាឱកាសនោះ លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានលើកឡើងពីការរីកចម្រើននៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងការផ្លាស់ប្ដូរទម្លាប់ក្នុងការរស់នៅតាមរយៈការបរិភោគ និងប្រើប្រាស់ទឹកស្អាត ព្រមទាំងការប្រតិបត្តិអនាម័យជាក់ស្ដែង ដោយនៅក្នុងខេត្តពោធិ៍សាត់ មានខ្នងផ្ទះប្រើប្រាស់បង្គន់អនាម័យ ស្មើនឹង ១០០% ក្នុងនោះខ្នងផ្ទះមានបង្គន់ប្រើប្រាស់ផ្ទាល់ខ្លួន ៩៤% និងខ្នងផ្ទះប្រើប្រាស់បង្គន់រួម ៦%។

ជាមួយគ្នានោះផងដែរ លោក ឆាយ ឫទ្ធិសែន ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តពោធិ៍សាត់សម្រេចបាននាពេលកន្លងមកលើគ្រប់វិស័យ ជាពិសេសការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការផ្គត់ផ្គង់សេវាទឹកស្អាត និងការប្រើប្រាស់បង្គន់អនាម័យបានត្រឹមត្រូវ។
លោកក៏លើកឡើងអំពីយុទ្ធសាស្ដ្រគន្លឹះទាំង ៥ របស់ក្រសួង ដែលមានចក្ខុវិស័យ “កសាងតំបន់ជនបទកម្ពុជាឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន និងចីរភាព ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌”។

សូមបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពី ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ដែលបច្ចុប្បន្នសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៩១,៩៨% ក្នុងនោះការផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋានសម្រេចបាន ៨៩,២១% និងអនាម័យជនបទកម្រិតមូលដ្ឋានសម្រេចបាន ៩៤,៧៨% ព្រមទាំងបានកំណត់ថា នៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងការប្រតិបត្តិអនាម័យ ១០០% ព្រមទាំងរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព៕



