ស្របពេលហិបវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំ២០២៥ បានដឹកជញ្ជូនទៅកាន់បណ្ដារាជធានីខេត្តរៀងៗខ្លួន ដើម្បីត្រៀមសម្រាប់ការប្រឡងនាថ្ងៃទី២៨ ខែសីហា ខាងមុខនេះ បេក្ខជនដែលជាប់ឈ្មោះត្រៀមប្រឡង កំពុងបុកពោះ ភ័យអរ រំភើប និងត្រៀមចិត្ត កាយសម្រុកមើលមេរៀនដើម្បីត្រៀមប្រយុទ្ធ។

ដើម្បីជាការលើកទឹកចិត្តដល់បេក្ខជនដែលខិតខំរៀនសូត្រ ទទួលបាននិន្ទេសA ពិន្ទុខ្ពស់ជាងគេ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានប្រកាសស្វែងរកបេក្ខជនម្នាក់គត់ក្នុងចំណោមបេក្ខជនទូទាំងប្រទេស ឱ្យក្លាយជាម្ចាស់រថយន្ត Leapmotor TO3 តម្លៃ ១៥ ៩៩០ដុល្លារអាមេរិកផងដែរ។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥។ដោយដំណើរការកំណែ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥, ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥, ដំណើការបោះពុម្ពលទ្ធផលប្រឡង ប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥។ ជាមួយគ្នានេះ ក្រសួងកំណត់យកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់ប្រកាសលទ្ធផលប្រឡងតាមមណ្ឌលសំណេរនៃរាជធានី ខេត្តទាំង ២៥ នៅទូទាំងប្រទេស។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥ មានបេក្ខជនសរុប ១៤៦ ៧២០ នាក់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ ,ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១០៦ ០៤២ នាក់៕





