រដ្ឋមន្រ្តីចំនួន៣រូប ដែលមកពីក្រសួងកសិកម្ម ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹក បានបើកកិច្ចប្រជុំអន្ដរក្រសួងក្រោមយន្តការ “ត្រី-វិស័យ” ថ្នាក់រដ្ឋមន្ត្រី លើកទី៧ ស្តីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម។
ក្នុងកិច្ចប្រជុំត្រី-វិស័យថ្នាក់រដ្ឋមន្ដ្រីលើកទី៧នេះ មានគោលបំណងចម្បងចំនួន ២ គឺ៖ ទី១. ពិនិត្យលើវឌ្ឍនភាព និងលទ្ធផលការងារសម្រេចបានចុងក្រោយនៅតាមបណ្ដាសហគមន៍ ជាពិសេសនៅតាមបណ្តាសហគមន៍ទាំង ១០ ដែលបានជ្រើសរើសសម្រាប់កិច្ចអន្តរាគមន៍រួមគ្នា និងទី២. ពិនិត្យ ពិភាក្សា និងសម្រេចជាគោលការណ៍ លើសមាសភាពសហគមន៍ដែលត្រូវជ្រើសរើសបន្ថែមសម្រាប់កិច្ចអន្តរាគមន៍ត្រី-វិស័យនៅក្នុងឆ្នាំ២០២៦-២០២៧ និង២០២៨ ។

គួរជម្រាបដែរថា ដើម្បីចូលរួមឱ្យសម្រេចជោគជ័យនូវយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ បានសហការគ្នាជាសហថាមពល ក្រោមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ដោយបង្កើតជាក្រុមការងារយន្តការត្រី-វិស័យ កសិកម្ម ទឹក ជនបទ ដើម្បីសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពអភិវឌ្ឍន៍ជនបទនានាពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ក្នុងគោលដៅធ្វើការឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍដោយផ្ទាល់នៅតំបន់ជនបទ សម្រាប់ការលើកកម្ពស់និងកែលម្អជីវភាពរស់នៅរបស់ប្រជាជននៅតាមសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផលខ្ពស់ និងមានចីរភាព៕ អត្ថបទ៖ហ្សាលីន


