នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ នៅក្រុងសៀមរាប, ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្វែងរកផែនទីឯកភាពការងារ លើការរៀបចំប្លង់គោល ផែនការនៃការប្រើប្រាស់ដី តាមរយៈការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ និងតំបន់បឹងទន្លេសាប មុននឹងឈានទៅរៀបចំប្លង់គោលនៃការប្រើប្រាស់ដីទាំង ១៦៥២ឃុំ នៅទូទាំងប្រទេស។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិបឹងទន្លេសាប រដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលខេត្តទាំង៦ នៅជុំវិញតំបន់បឹងទន្លេសាប។
សូមជម្រាបថា បើតាមក្រសួងរៀបចំដែនដី ផែនទីឯកភាពការងារនេះ ជាឧបករណ៍តម្រង់ទិសដើម្បីឈានទៅដាក់ចេញនូវផែនការប្រើប្រាស់ដី ដែលមានការឯកភាពគ្នារវាងប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ លើកស្ទួយជីវភាពអ្នកស្រុកអង្គរ និងអ្នកស្រុកនៅតំបន់ជុំវិញបឹងទន្លេសាប និងពង្រឹងខឿនសេដ្ឋកិច្ចជាតិ ផ្អែកលើការប្រើប្រាស់ធនធានដី ដើម្បីកម្ពុជារស់បានដោយខ្លួនឯង និងឯករាជ្យម្ចាស់ការ៕



















