ទីក្រុងស៊ីដនី, ប្រទេសអូស្ត្រាលី៖ នាថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) អ្នកឧកញ៉ា សៀ ឬទ្ធី បានបន្តដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមអមឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយតំណាងវិទ្យាស្ថាន Lowy Institute លោកស្រី Susannah Patton ប្រធានស្តីទីផ្នែកស្រាវជ្រាវ ក្នុងជំនួបទទួលទានអាហារថ្ងៃត្រង់។

ជាកិច្ចចាប់ផ្តើម លោកស្រី Susannah Patton បានជម្រាបជូនអំពីកិច្ចការងាររបស់វិទ្យាស្ថាន និងការស្រាវជ្រាវទាក់ទងនឹងគោលនយោបាយអន្តរជាតិនៅលើពិភពលោក និងកិច្ចការពាណិជ្ជកម្មនៅក្នុងតំបន់។ ជាក់ស្តែងនាពេលថ្មីៗនេះ វិទ្យាស្ថានបានសិក្សាអំពីលំហូរហិរញ្ញវត្ថុ និងជំនួយសម្រាប់ការអភិវឌ្ឍនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងយុទ្ធសាស្រ្តពាក់ព័ន្ធមួយចំនួននៅក្នុងតំបន់។
ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគ និងសក្តានុពលរបស់កម្ពុជាសម្រាប់ការវិនិយោគនាពេលបច្ចុប្បន្ន ដោយបានសង្កត់ធ្ងន់លើគោលនយោបាយ និងទស្សនវិស័យប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ប្រមុខដឹកនាំកម្ពុជាដែលមាននិន្នាការលើកកម្ពស់ និងការពារសុខសន្តិភាព ស្ថិរភាពនៅទូទាំងប្រទេសនិងក្នុងតំបន់។
សូមបញ្ជាក់ថា Lowy Institute គឺជាវិទ្យាស្ថានឯករាជ្យឈានមុខគេមួយនៅក្នុងប្រទេសអូស្ត្រាលីដែលទទួលបានការវាយតម្លៃខ្ពស់លើលទ្ធផលនៃការស្រាវជ្រាវរបស់វិទ្យាស្ថាន និងឥទ្ធិពលនៃការសិក្សាទាំងនេះទៅលើគោលនយោបាយទាំងក្នុងប្រទេសអូស្ត្រាលី និងនៅទូទាំងពិភពលោក៕















