ក្រុមហ៊ុន Hyundai នឹងបង្កើនការវិនិយោគនៅសហរដ្ឋអាមេរិក ដល់ ២៦ពាន់លានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុន Hyundai Motor Group របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី២៦ សីហានេះថា ខ្លួនកំពុងបង្កើនការវិនិយោគនៅក្នុងទឹកដីសហរដ្ឋអាមេរិក ដល់ ២៦ពាន់លានដុល្លារ ក្នុងរយៈពេល ៤ឆ្នាំខាងមុខ ពោលគឺបានកើនឡើងពីចំនួន ២១ពាន់លានដុល្លារ​ ដែលត្រូវបានសន្យាពីមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការប្រកាសនេះ ត្រូវបានធ្វើឡើង បនញទាប់ពីប្រធានក្រុមហ៊ុន Hyundai លោក Chung Euisun បានចូលរួមនៅក្នុងកិច្ចប្រជុំតុមូលធុរកិច្ចកូរ៉េ-អាមេរិក ដាច់ដោយឡែកមួយទៀត ដែលធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទ បន្ទាប់ពីកិច្ចប្រជុំកំពូលកូរ៉េ-អាមេរិក ត្រូវបានបញ្ចប់។

យោងតាមន្ត្រីម្នាក់មកពីក្រុមហ៊ុន Hyundai Motor Group បាននិយាយថា៖”​ការវិនិយោគបន្ថែម ៥ពាន់លានដុល្លារនេះ នឹងផ្តោតជាចម្បងលើរោងចក្រមនុស្សយន្តថ្មីៗ ក៏ដូចជាវិស័យរថយន្ត ដែក ការបើកបរដោយស្វ័យប្រវត្តិ បញ្ញាសិប្បនិម្មិត និងវិស័យអាជីវកម្មនាពេលអនាគត”។

ជម្រាបជូនផងដែរថា​ ជុំវិញការបង្កើនការវិនិយោគនេះ ក្រុមហ៊ុន Hyundai គ្រោងនឹងសាងសង់រោងចក្រផលិតមនុស្សយន្តដែលមានសមត្ថភាពផលិតប្រចាំឆ្នាំចំនួន ៣០ ០០០ គ្រឿង ដោយបង្កើតវាជាមជ្ឈមណ្ឌលមនុស្សយន្ត នៅសហរដ្ឋអាមេរិក និងជាផ្នែកសំខាន់នៃប្រព័ន្ធអេកូឡូស៊ីមនុស្សយន្តដែលកំពុងរីកចម្រើន៕​