ក្រុមហ៊ុន Thomson Medical Group ដែលគ្រប់គ្រងដោយមហាសេដ្ឋីលំដាប់កំពូលសិង្ហបុរី លោក Peter Lim បានចាប់ផ្តើមដំណើរការគម្រោងសាងសង់មន្ទីរពេទ្យឯកជន លំនៅដ្ឋាន និងអចលនទ្រព្យពាណិជ្ជកម្មដែលមានតម្លៃ ៤,៣ពាន់លានដុល្លារ នៅក្នុងរដ្ឋ Johor ប្រទេសម៉ាឡេស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ក្រុមហ៊ុន Thomson Medical បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា គម្រោង Johor Bay ដែលមានទំហំជាង ១០ ហិកតា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Johor-Singapore នេះ នឹងរួមបញ្ចូលមន្ទីរពេទ្យ Thomson Iskandariah បន្ទប់ឯកទេស កន្លែងថែទាំមនុស្សចាស់ និងអគារវិទ្យាសាស្ត្រជីវិត សម្រាប់ការស្រាវជ្រាវវេជ្ជសាស្រ្ត ផងដែរ។
មិនតែប៉ុណ្ណោះ គម្រោងនេះ ត្រូវបានចាត់ទុកថាស្ថិតនៅក្នុងចំណោមគម្រោងដ៏ធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយនឹងរួមបញ្ចូលទាំងលំនៅដ្ឋានប្រណីត សណ្ឋាគារលំដាប់ផ្កាយប្រាំ និងតំបន់ពាណិជ្ជកម្មបែបអភិជន ផងដែរ។
យ៉ាងណាមិញ រដ្ឋមន្ត្រី Johor លោក Onn Hafiz Ghazi បាននិយាយថា រដ្ឋបានស្វាគមន៍យ៉ាងខ្លាំង ចំពោះការវិនិយោគដ៏ធំនេះ ដោយពណ៌មានថា វាការជំរុញជាយុទ្ធសាស្រ្តដល់ការទទួលបានការថែទាំសុខភាព និងកំណើសេដ្ឋកិច្ច នៅក្នុងតំបន់។
ជម្រាបជូនថា ម៉ាឡេស៊ី និងសិង្ហបុី បានប្រកាសពីកិច្ចព្រមព្រៀងសម្រាប់ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ក្នុងទីក្រុង Johor កាលពីខែមករា ក្នុងគោលបំណងទាក់ទាញ ការវិនិយោគ លំហូរទំនិញ និងការផ្លាស់ប្តូរនៃប្រជាជនរវាងប្រទេសទាំងពីរ៕

