នៅព្រឹកនេះ! កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) បានចាប់ផ្ដើមហើយ នៅច្រកព្រំដែនអន្តរជាតិជាំ-សាង៉ាំ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងការពារជាតិ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នឹងប្រព្រឹត្តនៅព្រឹកថ្ងៃនេះ នៅច្រកព្រំដែនអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងការពារជាតិ បានបញ្ជាក់ថា គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ(RBC)។  ចំណែកគណៈប្រតិភូ ថៃដឹកនាំដោយ ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ឃ្លាំង មេបញ្ជាការកងទ័ពភូមិភាគទី២ និងជាសហប្រធាន នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ(RBC)។

នៅក្នុងកិច្ចប្រជុំនេះ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា នឹងទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀត ដែលអនុញ្ញាត ឱ្យភាគីទាំងពីរអាចជំរុញការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញ នឹងនាំមកនូវសន្តិភាព ស្ថិរភាព និងប្រក្រតីភាពវិលត្រឡប់មកវិញបានឆាប់រហ័ស៕