ចំពោះមុខអន្តរសភាអាស៊ាន ប្រធានរដ្ឋសភាកម្ពុជា ប្រាប់ថៃថា សូមកុំប្រើ “ច្បាប់ព្រៃ និងអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីប្រទេសដទៃ

សង្គម​ និង​សេដ្ឋកិច្ច

ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៦ នៅទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចប្រធានរដ្ឋសភាកម្ពុជា លោកស្រី ឃួន សុដារី បានអំពាវទាវឱ្យថៃបញ្ឈប់ការប្រើប្រាស់ “ច្បាប់ព្រៃ និងការអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលជាការរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានរដ្ឋសភាជម្រាប មហាសន្និបាតអាយប៉ាថា កាលពីថ្ងៃទី១៧ ខែកញ្ញា កងកម្លាំងយោធាថៃបានប្រើប្រាស់កម្លាំងមកលើប្រជាជនស្លូតត្រង់របស់កម្ពុជា ដែលបណ្តាលឱ្យមានអ្នករងរបួសជាង២០នាក់។ ថៃត្រូវតែបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងជនស៊ីវិល និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាជនកម្ពុជាជាបន្តទៅទៀត។ លោកស្រីបានគូសបញ្ជាក់ថា ការកសាងទំនុកចិត្តគ្នាទៅវិញទៅមក ទាមទារឱ្យមានការខិតខំប្រឹងប្រែងពីភាគីទាំងពីរ ដោយមានសុច្ឆន្ទៈ និងភាពស្មោះត្រង់ពិតប្រាកដ។ ភាគីដែលរំលោភបំពានលើបទឈប់បាញ់ ត្រូវតែទទួលការថ្កោលទោស ឬការដាក់ទណ្ឌកម្មជាដាច់ខាត។

នៅក្នុងកិច្ចប្រជុំដែលមានថ្នាក់ដឹកនាំសភាគណៈប្រតិភូសភាអាស៊ានចូលរួម ជាមួយសភាប្រទេសសង្កេតការណ៍ និងដៃគូរអភិវឌ្ឍន៍អាយប៉ា ជាច្រើនចូលរួម ប្រមាណជា៩០០នាក់ លោកស្រីប្រធានរដ្ឋសភាបានជម្រាបកិច្ចប្រជុំថា កិច្ចព្រមព្រៀងបទឈប់បាញ់នេះ នៅមានភាពផុយស្រួយខ្លាំងនៅឡើយ ខណៈសកម្មភាពរំលោភបំពានពីភាគីថៃនៅតែបន្តកើតមានជាបន្តបន្ទាប់ រួមមាន ការបន្តឃុំខ្លួនទាហានកម្ពុជា ១៨នាក់ ដោយខុសច្បាប់ ធ្វើជាចំណាប់ខ្មាំង ប៉ុន្មានម៉ោងក្រោយបទឈប់បាញ់បានចូលជាធរមាន និងករណីរាយលួសបន្លាខុសច្បាប់ និងសកម្មភាពនានាដែលរំខានដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ និងបានរំលោភបំពានម្តងហើយម្តងទៀតមកលើដែនអធិបតេយ្យកម្ពុជា។

ជាមួយគ្នានោះ លោកស្រីក៏បានអំពាវនាវ ដល់សហគមន៍អន្តរជាតិ ជួយបន្តតាមដានជាប្រចាំនូវការវិវត្ត នៃការអនុវត្តបទឈប់បាញ់ និងធ្វើការវាយតម្លៃដោយខ្លួនឯង ផ្អែកលើតថភាពជាក់ស្តែង។ ក្នុងន័យនេះ យើងចាំបាច់ត្រូវមានបេសកកម្មស្វែងរកការពិតជាអន្តរជាតិ និងជាបន្ទាន់។ ដោយលោកស្រីគូសបញ្ជាក់ថា លោកស្រីពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងថា ការបន្តរំលោភបំពានលើបទឈប់បាញ់ នឹងបណ្តាលឱ្យបាត់បង់ទំនុកចិត្តផ្នែកនយោបាយ និងការផ្ទុះឡើងវិញនៃជម្លោះប្រដាប់អាវុធ ដែលនឹងបង្កផលវិបាកដល់ប្រជាជាតិទាំងពីរ។

ទន្ទឹមនឹងនោះផងដែរ លោកស្រីក៏បានអំពាវនាវ បញ្ឈប់ការប្រើប្រាស់កម្លាំងយោធា ដើម្បីបោះបង្គោលព្រំដែនជាឯកតោភាគី ហើយទុកភារកិច្ចស្របច្បាប់ឱ្យគណៈកម្មការព្រំដែនចម្រុះ(JBC) បន្តការងាររបស់ខ្លួន តាមមធ្យោបាយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់ និងច្បាប់អន្តរជាតិ។ លោកស្រីបានបញ្ជាក់ថា តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ធ្លាប់បានសម្រេចសេចក្តីលើករណីប្រាសាទព្រះវិហារ ក្នុងឆ្នាំ១៩៦២ និងតំបន់ជុំវិញប្រាសាទក្នុងឆ្នាំ២០១៣ ដែលជាមូលដ្ឋានគតិយុត្តដ៏សំខាន់សម្រាប់ភាគីទាំងពីរ ក្នុងការដោះស្រាយជម្លោះព្រំដែន ដោយសន្តិវិធី ជាពិសេសពាក់ព័ន្ធនឹងតំបន់ដែលមិនទាន់មានការឯកភាពគ្នា៕