លោក ស៊ុន ចាន់ថុល ស្នើអូស្រ្តាលីពិនិត្យលទ្ធភាពវិនិយោគលើការអភិវឌ្ឍមជ្ឈមណ្ឌលសន្និបាតនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញទៅកាន់ក្រុមហ៊ុន Plenary Group ដែលជាក្រុមហ៊ុនវិនិយោគហេដ្ឋារចនាសម្ព័ន្ធឯករាជ្យដ៏លេចធ្លោមួយនៅអូស្រ្តាលី ឱ្យពិនិត្យលទ្ធភាពវិនិយោគលើមជ្ឈមណ្ឌលសន្និបាតនៅកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែប្រសើរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការជំរុញនេះ បានធ្វើឡើង ដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឱកាសធ្វើទស្សនកិច្ចស្វែងយល់នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍មែលប៊ន (Melbourne Convention and Exhibition Centre – MCEC) របស់ក្រុមហ៊ុន Plenary Group កាលទី២៧ ខែសីហា ឆ្នាំ២០២៥។

ក្រុមហ៊ុន Plenary Group គឺជាក្រុមហ៊ុនវិនិយោគហេដ្ឋារចនាសម្ព័ន្ធឯករាជ្យដ៏លេចធ្លោមួយ ដែលមានជំនាញក្នុងការអភិវឌ្ឍ វិនិយោគ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ជាពិសេសគម្រោងនៅក្រោមទម្រង់ភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public-Private Partnerships – PPP)។ Plenary Group មានទីស្នាក់ការកណ្តាលនៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី និងមានប្រតិបត្តិការទូទាំងពិភពលោក រួមមាននៅអាម៉េរិក អូស្ត្រាលី នូវែលហ្សេឡង់ អាស៊ី មជ្ឈិមបូព៌ា និងចក្រភពអង់គ្លេស។

ក្រុមហ៊ុននេះផ្តោតលើគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលផ្តល់ផលចំណេញរយៈពេលវែង និងមានស្ថិរភាព ហើយគំរូអាជីវកម្មរបស់ពួកគេគឺគ្របដណ្តប់លើគ្រប់ដំណាក់កាលនៃគម្រោង ចាប់ពីការរចនា ការសាងសង់ ការផ្តល់ហិរញ្ញប្បទាន រហូតដល់ការគ្រប់គ្រង និងថែទាំរយៈពេលវែង។ ក្រុមហ៊ុន បានចូលរួមក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនប្រភេទ រួមមាន៖ មន្ទីរពេទ្យ, សាលារៀន, តុលាការ, មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ MCEC, ផ្លូវថ្នល់, ផ្លូវរថភ្លើង (Sydney Metro), ប្រព័ន្ធដឹកជញ្ជូនសាធារណៈ, និងការគ្រប់គ្រងទឹក និងកាកសំណល់។

នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា ដំណើរទស្សកិច្ចនេះ គឺដើម្បីស្វែងយល់ អំពីហេដ្ឋារចនាសម្ព័ន្ធនានារបស់មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍មួយនេះ ខណៈលោកឧបនាយករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពវិនិយោគលើការអភិវឌ្ឍមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ស្រដៀងគ្នានេះនៅក្នុងប្រទេសកម្ពុជាផងដែរ។

គួរកត់សម្គាល់ថា មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ MCEC គឺជាកន្លែងសម្រាប់រៀបចំព្រឹត្តិការណ៍ដ៏ធំ និងល្បីល្បាញបំផុតមួយនៅប្រទេសអូស្ត្រាលី មានទីតាំងស្ថិតនៅកណ្តាលទីក្រុងមែលប៊ន ជាប់នឹងទន្លេ Yarra River ដែលផ្តល់លក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ។ MCEC ត្រូវបានគ្រប់គ្រង និងដំណើរការដោយ Melbourne Convention and Exhibition Trust ដែលជាស្ថាប័នរដ្ឋមួយរបស់រដ្ឋបាលរដ្ឋវីកតូរៀ ដែលត្រូវបានគេចាត់ទុកថាជាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍មួយដែលបំពាក់ដោយបច្ចេកវិទ្យាទំនើប និងមានលក្ខណៈស្និទ្ធស្នាលនឹងបរិស្ថានប្រកបដោយចីរភាព តាមរយៈការចាត់ចំណាត់ថ្នាក់ដោយ 6 Star Green Star Environmental Rating។ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ MCEC មានទីតាំងធំទូលាយ និងធ្លាប់បានប្រើប្រាស់សម្រាប់រៀបចំ ព្រឹត្តិការណ៍ជាច្រើនប្រភេទដូចជា៖ សន្និបាត និងសន្និសីទអន្តរជាតិ, ពិព័រណ៍ និងការតាំងបង្ហាញផលិតផល នវានុវត្តន៍បច្ចេកវិទ្យា និងសេវាកម្មថ្មីៗ, ការប្រគំតន្ត្រី និងកម្មវិធីកម្សាន្តកម្រិតជាតិ និងអន្តរជាតិ, ពិធីជប់លៀង និងកម្មវិធីជួបជុំផ្គូផ្គងអាជីវកម្មនានា៕ អត្ថបទ៖ ហ្សាលីន