ACU៖ ថ្ងៃទី១ ប្រឡងបាក់ឌុប បេក្ខជនអវត្តមានជាង១ពាន់នាក់

សង្គម​ និង​សេដ្ឋកិច្ច

អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានឱ្យដឹងថា ទិដ្ឋភាពក្នុងមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំ២០២៥ នាថ្ងៃទី២៨ ខែសីហានេះ (ថ្ងៃទី១) មានភាពល្អប្រសើរ១០០% ខណៈដែលបេក្ខជនជាង១ពាន់នាក់អវត្តមាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្ងៃប្រឡងបាក់ឌុបចំនួន២ថ្ងៃនេះ អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានដាក់ពង្រាយមន្រ្តី និងយុវជនស្ម័គ្រចិត្តជាង៤ពាន់នាក់ ដើម្បីសង្កេតដំណើរការប្រឡងបាក់ឌុបនាឆ្នាំនេះ។

គួរឱ្យដឹងថា ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។ នៅព្រឹកថ្ងៃទី១នេះ មានបេក្ខជនអវត្តមានចំនួន១ ៧៨៨នាក់ (ស្រី៧០៦នាក់) ស្មើនឹង១,២២ភាគរយ បេក្ខជនស្វ័យរិនចំនួន១ ៤៦៣នាក់ (ស្រី៥៥៧នាក់) បេក្ខជនចំណេះទូទៅចំនួន៣២៥នាក់ (ស្រី១៤៩នាក់)។ ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៤៦ ៧២០ នាក់ (ស្រី ៨១ ៤៤២ នាក់) ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ (ស្រី ២៤ ៥១៩ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ១០៦ ០៤២ នាក់ (ស្រី ៥៦ ៩២៣ នាក់)។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បង្ហាញការជឿជាក់ផងដែរថា ចំនួនសិស្សនិទ្ទេស A ឆ្នាំនេះ នឹងមិនទាបជាងឆ្នាំមុននោះទេ ខណៈឆ្នាំមុនមានចំនួន ២ ២២៥រូប៕