រដ្ឋមន្រ្តីពាណិជ្ជកម្ម៖ សៀវភៅស្តីពី«អាសិប» ផ្នែកទី១នឹងបម្រើដល់វិស័យឯកជនទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងដ៏ធំមួយនេះ

សង្គម​និង​សេដ្ឋកិច្ច

ការបោះពុម្ពផ្សាយសៀវភៅដែលមានចំណងជើងថា «អាសិប» ផ្នែកទី១ភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងការវិភាគផ្នែកច្បាប់ នឹងបម្រើដល់វិស័យឯកជនក្នុងការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងដ៏ធំនេះ ហើយក៏អាចឱ្យវិស័យឯកជនទទួលបានប្រភពនៃកំណើនថ្មី ដើម្បីបង្កើតភាពរុងរឿងកាន់តែច្រើនសម្រាប់ប្រទេស។ នេះបើតាមលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីសម្ពោធ នៃការបោះពុម្ពផ្សាយសៀវភៅស្តីពី «អាសិប» ផ្នែកទី១ ភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងការវិភាគផ្នែកច្បាប់ កាលពីថ្ងៃទី១៩ខែសីហា លោក ប៉ាន សូរស័ក្តិ បញ្ជាក់ថា អាសិបគឺជាប្រធានបទដែលលោកស្រលាញ់ពេញចិត្តយ៉ាងខ្លាំងក្នុងអាណត្តិជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

លោក ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា កម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក រាប់ចាប់តាំងពីកម្ពុជាចូលជាសមាជិកអាស៊ានក្នុងឆ្នាំ១៩៩៩ ហើយកម្ពុជាបានប្រើប្រាស់តួនាទីរបស់ខ្លួនយ៉ាងសកម្មក្នុងការពង្រឹងដំណើរការនៃទីផ្សារនិងមូលដ្ឋានផលិតកម្មតែមួយរបស់អាស៊ាន ព្រមទាំងចូលរួមលើកកម្ពស់អាស៊ានជាតំបន់ពាណិជ្ជកម្ម វិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់សកល។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា« ក្នុងអំឡុងពេលនៃការធ្វើជាប្រធានអាស៊ានលើកទី២ នៅឆ្នាំ២០១២ កម្ពុជាបានតស៊ូមតិ និងប្រមូលផ្តុំកិច្ចព្រមព្រៀងក្នុងចំណោមដៃគូពាណិជ្ជកម្មអាស៊ាន ដើម្បីទទួលបានការឯកភាពគ្នាផ្តួចផ្តើមចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នៅរាជធានីភ្នំពេញ និងនៅពេលបន្តបន្ទាប់ទៀត ដោយបានចំណាយពេលជាង ៨ ឆ្នាំដើម្បីបញ្ចប់កិច្ចព្រមព្រៀងនេះ»។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ លើកឡើងថា អាសិបត្រូវបានគេរំពឹងថានឹងដើរតួយ៉ាងសំខាន់ក្នុងការធ្វើសមាហរណកម្មអាស៊ានទៅក្នុងសេដ្ឋកិច្ចពិភពលោក, ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់, ទប់ទល់នឹងទំនោរនៃការប្រឆាំងសកលភាវូបនីយកម្មនិងការការពារនិយម ហើយក៏ជាប្លុកពាណិជ្ជកម្មដ៏ធំបំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្ន ដែលមានដប់ប្រាំប្រទេសជាមួយនឹងផលិតផលក្នុងស្រុកសរុបចំនួន ២៦,២ ទ្រីលានដុល្លារអាម៉េរិក។ អាសិប តំណាងឱ្យ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក, ២៨% នៃពាណិជ្ជកម្មពិភពលោក និង ៣២,៥% នៃការវិនិយោគសកល។

គួរបញ្ជាក់ផងដែរថា៖ ក្នុងរយៈពេល ៧ខែក្នុងឆ្នាំ២០២៣នេះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសជាសមាជិកអាសិប សម្រេចបាន ៤.៥៩០លានដុល្លារអាម៉េរិក កើនឡើង២១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២៕

អត្ថបទ៖សារេត