ដើម្បីជួយជនភៀសសឹកដែលត្រូវបានបន្លាស់ទីដោយសារជម្លោះនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ រដ្ឋាភិបាលចិនបានសម្រេចផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងទឹកប្រាក់ចំនួន២០លានយ័នចិន។ នេះបើតាមការឱ្យដឹងពី លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

លោក វ៉ាង វិនពីន បានឱ្យដឹងថា សម្ភារៈជំនួយដំបូងត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ រួមមានតង់ ភួយ និង អាហារ។ លោកជឿជាក់ថា សម្ភារៈទាំងនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយប្រជាជនកម្ពុជាដែលរងផលប៉ះពាល់ដោយជម្លោះ លើកកំពស់ជីវភាពរស់នៅនិងដើរចេញពីការលំបាកនាពេលបច្ចុប្បន្ន។


សូមបញ្ជាក់ថា កម្ពុជា និង ថៃ បានឯកភាពអនុវត្តបទ «ឈប់បាញ់ភ្លាម នៅនឹងកន្លែង» ដែលបានចូលជាធរមានចាប់ពីម៉ោង ១២:០០ ថ្ងៃត្រង់, ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២៥ តទៅ ។ក្នុងស្មារតីនេះរាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី និង នៅតែបន្តព្យាយាមចរចាតាមគ្រប់រូបភាពទាំងអស់ ដើម្បីបញ្ចប់ការប្រឈមមុខគ្នាដោយអាវុធ និងវិលត្រឡប់ទៅដោះស្រាយបញ្ហាព្រំដែន តាមយន្តការបច្ចេកទេស និង ក្របខណ្ឌច្បាប់ ដែលមានជាធរមាន។

រាជរដ្ឋាភិបាល បានសម្រេចចិត្តប្រកាន់យកការចរចាបញ្ចប់ការប្រយុទ្ធគ្នា មុនពេលវាកាន់តែរីកធំជាងនេះទៅទៀត ដើម្បីកាត់បន្ថយការឈឺចាប់ និងទុក្ខសោករបស់បងប្អូនជនរួមជាតិជាអតិបរមា ហើយក៏ដើម្បីបញ្ឈប់នូវការពលី និង ការរងរបួសរបស់បងប្អូនវីរកងទ័ព, វីរនគរបាល ក៏ដូចជាប្រជាពលរដ្ឋស្លូតត្រង់ ដែលមកទល់នឹងពេលនេះ មានប្រជាជនស៊ីវិល ៣២ នាក់ បានបាត់បង់ជីវិត និង ៩៣ នាក់ បានរងរបួស ខណៈមានជនភៀសសឹកជាងកន្លះលាននាក់៕

